ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងប្រជែងជ្រើសរើសមន្ត្រី អ.ស.ត.ម. ដោយមានបេក្ខជនជាប់ចំនួន ២០០នាក់ ត្រៀមបន្តទៅវគ្គសម្ភាសន៍
ល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.) លើវិញ្ញាសាសរសេរពហុចម្លើយ ដែលសម័យប្រឡងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការប្រឡងប្រជែងនេះធ្វើឡើងក្នុងគោលបំណងសម្រាំងយកបេក្ខជនដែលមានសមត្ថភាពពិតប្រាកដសម្រាប់បន្តការពិនិត្យ និងវាយតម្លៃប្រវត្តិរូប។ យោងតាមលទ្ធផលផ្លូវការ បេក្ខជនដែលបានប្រឡងជាប់មានចំនួនសរុប ២០០នាក់ (ក្នុងនោះស្រីមានចំនួន ៧៨នាក់) ដែលត្រូវបន្តដំណើរការទៅកាន់វគ្គសម្ភាសន៍ជាបន្តទៀត។
ដំណើរការពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការនានា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងសុក្រឹតភាពខ្ពស់បំផុត។
ក្រោយពីការពិនិត្យ និងចុះហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរួចរាល់ បញ្ជីឈ្មោះបេក្ខជនជោគជ័យទាំងអស់ ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការជូនសាធារណជនក្នុងថ្ងៃនេះផងដែរ។


