ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ប្រកាសបើកជាផ្លូវការ «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សាររុស្ស៊ី» និងបញ្ជាក់ពីត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលទីផ្សាររុស្ស៊ី

រុស្ស៊ី គឺជាទីផ្សារគោលដៅមួយដែលកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបម្លែងសក្តានុពលឱ្យទៅជាលំហូរទេសចរណ៍ជាក់ស្តែងមកកម្ពុជា, ជាមួយគ្នានោះដើម្បីទាក់ទាញលំហូរភ្ញៀវទេសចររុស្ស៉ីមកកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសដាក់ចេញនូវកម្មវិធី «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» ដើម្បីបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ ក្នុងការពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ ជាពិសេសការទាក់ទាញភ្ញៀវទេសចររុស្ស៉ីមកកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ពិធីប្រកាសបើកជាផ្លូវការបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងមានការចូលរួមពីលោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក Vladimir Palancica ប្រធាន BRICS House Cambodia ប្រចាំកម្ពុជា និងជាស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជា ប្រចាំរដ្ឋធានីមូស្គូ រួមទាំងមានលោក លោកស្រី មកពីវិស័យឯកជន ខ្មែរ និងបរទេស, បណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មានជាច្រើននាក់ទៀត។

គោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍ និងជាទីផ្សារដែលមានសក្តានុពលសម្រាប់ការវិនិយោគ និងធុរកិច្ច ដោយបង្ហាញជូនភាគីរុស្សីអំពីសក្តានុពល ឱកាស និងអត្ថប្រយោជន៍នានារបស់កម្ពុជា ក្នុងវិស័យ ទេសចរណ៍ ការវិនិយោគ អចលនទ្រព្យ និងវិ និងវិស័យពាក់ព័ន្ធ ព្រមទាំងជំរុញការផ្សព្វផ្សាយទីផ្សារកម្ពុជាទៅកាន់ភ្ញៀវ ទេសចរ អ្នកវិនិយោគ និងសហគ្រិនរុស្សី។ ព្រមទាំងបើកទីផ្សាររុស្សីជាទីផ្សារសំខាន់មួយសម្រាប់ការទាក់ទាញភ្ញៀវ ទេសចរ នឹងវិនិយោគិនមកកាន់កម្ពុជា។ការរៀបចំកម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ ក្រសួងទេសចរណ៍ និង BRICS House Cambodia និងមានការ សម្របសម្រួលដោយ KJet Group។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានលើកឡើងពីប្រសាសន៍តម្រង់ទិសដ៏មានសារៈសំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដល់ក្រសួងទេសចរណ៍ឱ្យបន្តអនុវត្តយុទ្ធសាស្ត្រចំនួន២ ដែលត្រូវដើរទន្ទឹមគ្នា៖ ទី១) រក្សា និងពង្រឹងទីផ្សារទេសចរណ៍សំខាន់ៗដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងទី២) បើក ពង្រីក និងធ្វើពិពិធកម្មទីផ្សារសក្តានុពលថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារមួយចំនួន និងបង្កើនភាពធន់របស់វិស័យទេសចរណ៍កម្ពុជា ចំពោះការប្រែប្រួល នៃស្ថានភាពតំបន់ និងសកល។

ក្នុងយុទ្ធសាស្ត្រនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ទីផ្សាររុស្ស៊ីជាទីផ្សារគោលដៅមួយដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបម្លែងសក្តានុពល ឱ្យទៅជាលំហូរទេសចរណ៍ជាក់ស្តែងមកកម្ពុជា ហើយការដាក់ចេញកម្មវិធី «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» នេះ គឺជាការប្រែក្លាយការតម្រង់ទិសរបស់រាជរដ្ឋាភិបាល ទៅជាសកម្មភាពជាក់ស្តែង ព្រមទាំងជាការបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ ក្នុងការពង្រីក និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ទៀតថា ទីផ្សាររុស្ស៊ី គឺជាទីផ្សារដែលមានសក្តានុពលខ្ពស់, ចំណែកកម្ពុជាមានផលិតផលទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប, ដូច្នេះអ្វីដែលយើងត្រូវធ្វើ គឺភ្ជាប់សក្តានុពលទាំងពីរនេះឱ្យក្លាយជាលំហូរទេសចរណ៍ជាក់ស្តែង និងទទួលបានផលប្រយោជន៍ទៅវិញទៅមក។ នៅក្នុងបរិបទ និងនិន្នាការនៃឧស្សាហកម្មទេសចរណ៍នាពេលបច្ចុប្បន្ន, យើងមិនអាចរង់ចាំឱ្យភ្ញៀវទេសចររុស្ស៊ី ស្គាល់កម្ពុជាដោយឯកឯងនោះទេ, យើងត្រូវនាំ «អច្ឆរិយភាពកម្ពុជា» ទៅឱ្យពួកគេឃើញកម្ពុជា /ស្គាល់កម្ពុជា /ចង់មកកម្ពុជា /សម្រេចចិត្តមកកម្ពុជា, និងមកទស្សនាកម្ពុជាដោយផ្ទាល់។

តាមរយៈការដាក់ចេញ «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា នឹងក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពមួយ ក្នុងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ, ពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម វិនិយោគ, ជាពិសេសកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ដែលចូលរួមនៅក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងកម្ពុជា និងរុស្ស៊ី។

ជាមួយនឹងការប្រកាសបើកជាផ្លូវការ «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» ឯកឧត្តមក៏បានបញ្ជាក់ដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលទីផ្សាររុស្ស៊ី ហើយឥឡូវនេះគឺជាពេលវេលាដែលត្រូវនាំកម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី ឱ្យកាន់តែខ្លាំងផងដែរ៕