ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍអាស៊ាន-ចិន ឆ្នាំ២០២៦ (2026 China-ASEAN Financial Cooperation and Development Forum)

ណាននីង-ចិន ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងតបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC – Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករង ធនាគារ ARDB បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុង “សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍអាស៊ាន-ចិន ឆ្នាំ២០២៦” (2026 China-ASEAN Financial Cooperation and Development Forum) ដែលបានប្រព្រឹត្តទៅនៅទីក្រុងណាននីង តំបន់ស្វយ័ត ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។ សន្និសីទឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនវានុវត្តន៍ហិរញ្ញវត្ថុ និងលើកកម្ពស់អភិបាលកិច្ចសន្តិសុខបច្ចេកវិទ្យាដោយប្រើប្រាស់ AI។

គណៈប្រតិភូធនាគារ ARDB បានចូលរួមក្នុងពិធីបើកសន្និសីទផ្លូវការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃតំបន់ស្វយ័ត ខេត្តក្វាងស៊ី, ស្ថាប័នហិរញ្ញវត្ថុ, ធនាគារជាតិនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន, និងតំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងចិន។ ឆ្លៀតក្នុងឱកាសនៃវេទិកាកិច្ចសហប្រតិបត្តិការសេវាហិរញ្ញវត្ថុឆ្លងដែននៃសន្និសីទនេះ, ធនាគារ ARDB និងធនាគារ GUANGXI BEIBU GULF BANK (BBG) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង Indirect Participant នៃប្រព័ន្ធសេវាទូទាត់ឆ្លងដែន CIPS ដើម្បីពង្រឹងការផ្តល់សេវាទូទាត់ និងសម្រួលប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែន រវាងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា និងចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

បន្ថែមពីនេះ, ឯកឧត្តម បាន លឹម ក៏បានអញ្ជើញជាវាគ្មិនកិត្តិយសថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំតុមូលស្តីពី «នវានុវត្តន៍ហិរញ្ញវត្ថុ AI និងអភិបាលកិច្ចសន្តិសុខបច្ចេកវិទ្យា អាស៊ាន-ចិន ឆ្នាំ២០២៦»។ ក្នុងឱកាសនោះ ឯកឧត្តម បានចែករំលែកអំពីចក្ខុវិស័យរបស់ធនាគារ ARDB តាមរយៈការធ្វើបរិវត្តកម្មទៅរកបច្ចេកវិទ្យាឌីជីថលប្រកបដោយចីរភាព ព្រមទាំងបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ AI ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការរៀបចំអភិបាលកិច្ចសន្តិសុខបច្ចេកវិទ្យាឱ្យបានរឹងមាំ ដោយធានាថាសមត្ថភាពស្ថាប័នមានកម្រិតសមស្រប, និងមានការកំណត់យកបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាកសិករជាគោលការណ៍គ្រឹះ៕