ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញពង្រឹងជំនាញមន្ត្រីថតរូប ដើម្បីលើកកម្ពស់គុណភាពសារជារូបភាព ឆ្លើយតបទៅនឹងការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងចំណេះដឹង បច្ចេកទេស និងជំនាញរបស់មន្ត្រីថតរូប ដើម្បីលើកកម្ពស់គុណភាពសារជារូបភាព និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសារព័ត៌មាន។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមនេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញថតរូប» ជូនមន្ត្រីផ្នែករូបនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) វិទ្យុជាតិកម្ពុជា (RNK) និងមន្ត្រីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះលោក ម៉ក់ រ៉េមីស្សា ដែលបានសហការជាមួយក្រសួងព័ត៌មាន ក្នុងការចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ជាក់ស្តែងដល់មន្ត្រីថតរូបរបស់ក្រសួង។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា អ្នកថតរូបគឺជាអ្នកនាំសារដ៏សំខាន់តាមរយៈរូបភាព ព្រោះរូបថតមិនត្រឹមតែបង្ហាញព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាឯកសារប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះ អ្នកថតរូបត្រូវចេះជ្រើសរើសទីតាំង មុំថត ប្លង់ និងសមាសភាពឱ្យបានសមស្រប ដើម្បីឱ្យរូបភាពមានអត្ថន័យ និងអាចបញ្ជូនសារបានច្បាស់លាស់។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ការជ្រើសរើសរូបថតសម្រាប់ផ្សព្វផ្សាយត្រូវផ្តោតលើគុណភាព អត្ថន័យ សមាសភាព និងអារម្មណ៍ដែលរូបភាពអាចបង្ហាញបាន មិនមែនផ្តោតតែលើបរិមាណនោះទេ។ ទន្ទឹមនឹងនេះ ទោះបីក្រសួងមានសម្ភារៈ និងឧបករណ៍ថតរូបទំនើបគ្រប់គ្រាន់ក៏ដោយ ក៏ការពង្រឹងសមត្ថភាពមន្ត្រី ជំនាញ និងគំនិតច្នៃប្រឌិត នៅតែជាកត្តាសំខាន់សម្រាប់បង្កើនគុណភាពការងារ។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃ «ចំណុចមាស» ក្នុងការរៀបចំប្លង់ និងសមាសភាពរូបភាព ដោយអ្នកថតរូបត្រូវធានាឱ្យរូបភាពមានតុល្យភាព សមស្រប ទាក់ទាញ និងរក្សាបាននូវភាពត្រឹមត្រូវ អព្យាក្រឹតភាពនៃសារដែលត្រូវបញ្ជូនទៅកាន់សាធារណជន។

ជាមួយគ្នានេះ ឯកឧត្តម បានរំពឹងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីថតរូបនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅអនុវត្តក្នុងការងារជាក់ស្តែង សំដៅលើកកម្ពស់គុណភាពរូបភាពព័ត៌មានឱ្យកាន់តែមានអត្ថន័យ សោភ័ណភាព និងប្រសិទ្ធភាពក្នុងការបញ្ជូនសារទៅកាន់សាធារណជន។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្ហាត់បង្រៀនដោយលោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីពរបស់កម្ពុជា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការថតរូបសារព័ត៌មាន និងរូបថតសិល្បៈ ព្រមទាំងការរៀបចំប្លង់ សមាសភាព និងការប្រើប្រាស់រូបភាពជាសារសម្រាប់ការផ្សព្វផ្សាយព័ត៌មាន៕