កងទ័ពជើងទឹកកម្ពុជា ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអង់គ្លេស HMS TAMAR ក្នុងបេសកកម្មបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ

​ខេត្តព្រះសីហនុ៖ នាវាល្បាតសមុទ្រនៃកងទ័ពជើងទឹកភូមិន្ទអង់គ្លេស HMS TAMAR  P233 ដឹកនាំដោយលោកវរនាវីទោ TOM Lindsey  មេបញ្ជាការនាវា បានចូលសំចតជាផ្លូវការនៅមូលដ្ឋានសមុទ្ររាម ស្ថិតក្នុងខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ក្នុងបេសកកម្មបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ ​ក្នុងឱកាសនេះ លោកឧត្តមនាវីត្រី អុិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម តំណាងនៃកងទ័ពជើងទឹកភូមិន្ទកម្ពុជា ព្រមទាំងនាយនាវី និងយោធិនជាច្រើនរូប បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនាវាអង់គ្លេស ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅបំផុត។

​តាមការបញ្ជាក់ពី លោកឧត្តមនាវីត្រី អុិន សុខេមរា នាវា HMS TAMAR ដែលជានាវាល្បាតសមុទ្រមានប្រវែងជាង ៩០ ម៉ែត្រ, ទទឹងជាង ១៣ ម៉ែត្រ, កម្ពស់ ៣៣ ម៉ែត្រ, ជម្រៅទឹកជាង ៤.៣ ម៉ែត្រ, ទម្ងន់ផ្ទុកប្រមាណ ២,០០០ តោន,ល្បឿន២៤knots ក្នុងមួយម៉ោង   និងមានក្រុមនាវិកប្រមាណ ៦១ នាក់។ ការចូលសំចតនៅលើទឹកដីនៃខេត្តព្រះសីហនុនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-អង់គ្លេស ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។ ​ក្នុងអំឡុងពេលនៃការចូលសំចតនេះ កងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងរៀបចំកម្មវិធីរួមគ្នាសំខាន់ៗ រួមមាន៖ ការផ្លាស់ប្តូរបទពិសោធន៍ និងវគ្គហ្វឹកហ្វឺនស្តីពី «ការសង្គ្រោះគ្រោះមហន្តរាយបឋមនៅលើនាវា» ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស និងការឆ្លើយតបបន្ទាន់។ ការរៀបចំការប្រកួតកីឡាមិត្តភាពរួមគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល និងយោគយល់គ្នារវាងកងទ័ពទាំងពីរ កម្ពុជា – អង់គ្លេស។

អត្ថបទ៖ មន សូត្រ
រូបភាព៖ អ៊ូ ជោត