ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីសម្ពោធ “សមាគមពាណិជ្ជកម្មជិនហូរនៅកម្ពុជា” និងផ្សារបោះដុំសម្ភារៈសំណង់ “Ding Feng Guo Ji Building Materials City”ដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា,

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីពិធីសម្ពោធ “សមាគមពាណិជ្ជកម្មជិនហូរនៅកម្ពុជា” ព្រមទាំងពិធីសម្ពោធផ្សារបោះដុំសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានឈ្មោះថា “Ding Feng Guo Ji Building Materials City” នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នាទីតាំងនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន និងភ្ញៀវកិត្តិយសជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការវិនិយោគដ៏មានតម្លៃបំផុត គឺជាការវិនិយោគដែលផ្តល់ផលប្រយោជន៍ដល់ទាំងអាជីវកម្ម និងសង្គម។ សម្រាប់កម្មវិធីនាឱកាសនេះ មិនមែនគ្រាន់តែជាការបើកសម្ពោធក្រុមហ៊ុនមួយនោះទេ ប៉ុន្តែជាការបង្ហាញពីជំនឿជាក់របស់វិស័យឯកជនលើស្ថិរភាព បរិយាកាសវិនិយោគ និងសក្តានុពលអភិវឌ្ឍន៍របស់កម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រុមហ៊ុន Dingfeng International បានកំណត់ខ្លួនជាវេទិកាសហគ្រាសចម្រុះ ដែលរួមបញ្ចូលការគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្ម ពាណិជ្ជកម្មសម្ភារៈសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ការវិនិយោគគម្រោងទីក្រុងចម្រុះ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទិសដៅនេះស្របពេលជាមួយនឹងការរីកចម្រើនរបស់កម្ពុជា ដែលកំពុងបន្តជំរុញការអភិវឌ្ឍទីក្រុង ទំនើបកម្មវិស័យពាណិជ្ជកម្ម និងការបង្កើតប្រព័ន្ធសេដ្ឋកិច្ចដែលមានភាពប្រកួតប្រជែងកាន់តែខ្ពស់។

ពាក្យស្លោករបស់ក្រុមហ៊ុន “រួមដៃឈ្នះទាំងអស់គ្នា · បង្កើតអនាគតរួមគ្នា ឈរជើងនៅកម្ពុជា · បម្រើអាស៊ាន · តភ្ជាប់ទៅពិភពលោក” គឺជាទស្សនវិស័យមួយដែលមានអត្ថន័យជ្រាលជ្រៅ។ វាបង្ហាញថា ការវិនិយោគដែលមានគុណភាព មិនត្រឹមតែសម្លឹងមើលផលចំណេញរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមបង្កើតតម្លៃរួម សម្រាប់អតិថិជន ដៃគូអាជីវកម្ម សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិផងដែរ។

ក្នុងន័យនេះ Ding feng កំពុងដើរតួនាទីជាស្ពានតភ្ជាប់រវាងធនធាន បច្ចេកទេស បទពិសោធន៍ និងឱកាសអាជីវកម្ម។ ការឈរជើងនៅកម្ពុជា គឺជាការបង្ហាញពីការជឿជាក់លើអនាគតរបស់ប្រទេសយើង ខណៈដែលការបម្រើទីផ្សារអាស៊ាន និងការតភ្ជាប់ទៅកាន់ពិភពលោក គឺជាការបង្ហាញពីសមត្ថភាពពង្រីកបណ្តាញពាណិជ្ជកម្មឆ្លងព្រំដែន និងការចូលរួមរបស់កម្ពុជាក្នុងខ្សែសង្វាក់តម្លៃតំបន់ និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្ន វិស័យឯកជនមានតួនាទីកាន់តែសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ការវិនិយោគដែលមានចីរភាពត្រូវផ្អែកលើគោលការណ៍ច្បាស់លាស់ចំនួនបី៖ ទីមួយ គុណភាពនៃគម្រោង; ទីពីរ សុចរិតភាពក្នុងអាជីវកម្ម; និងទីបី ការទទួលខុសត្រូវចំពោះសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការដាក់សុចរិតភាព តម្លាភាព និងភាពជឿជាក់ ជាគុណតម្លៃស្នូលរបស់ Ding Feng ហើយនៅក្នុងសង្គមសេដ្ឋកិច្ចទំនើប កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមិនកើតចេញពីការផ្សព្វផ្សាយតែប៉ុណ្ណោះទេ ប៉ុន្តែកើតចេញពីសកម្មភាពពិតប្រាកដ ការគោរពកិច្ចសន្យា ការផ្តល់សេវាកម្មដែលមានគុណភាព ការបំពេញកាតព្វកិច្ចច្បាប់ និងការរួមចំណែកវិជ្ជមានចំពោះសហគមន៍។

ជាមួយគ្នានេះ Acto City Automobile City ដែលមានផ្ទៃដីសរុបប្រមាណ ៥២,០០០ ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សម្តេច ហ៊ុន សែន ក៏ជាគម្រោងពាណិជ្ជកម្មមួយដែលមានសក្តានុពល។ ការរៀបចំតំបន់បង្ហាញរថយន្តជាច្រើនកម្រិត ដូចជា Standard Showroom, Premium B Showroom និង Premium A Showroom នឹងជួយលើកកម្ពស់បទពិសោធន៍ពាណិជ្ជកម្ម បង្កើតស្តង់ដារសេវាកម្មថ្មី និងជំរុញភាពទំនើបនៃទីផ្សាររថយន្តនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានសម្តែងការអបអរសាទរចំពោះការបង្កើតសមាគមពាណិជ្ជកម្មជិនហូរនៅកម្ពុជា និងការបើកដំណើរការផ្សារបោះដុំសម្ភារៈសំណង់ដ៏ធំមួយនេះ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគចិន មកលើបរិយាកាសវិនិយោគ និងស្ថិរភាពនយោបាយនៅកម្ពុជា។

លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសំដែងនូវការជឿជាក់ថា ការបង្កើតការសមាគមពាណិជ្ជកម្មជិនហូរនៅកម្ពុជា នេះឡើងនឹងក្លាយស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងផ្លាស់ប្តូរធុរកិច្ចនៃប្រទេសទាំងពីរ កម្ពុជា ចិន។

លោកជំទាវរដ្ឋលេខា បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់លោកជំទាវ ចម និម្មល ជារដ្ឋមន្ត្រី នឹងបន្តគាំទ្រ និងសម្របសម្រួលដល់សកម្មភាពធុរកិច្ច និងការវិនិយោគស្របតាមការវិនិយោគរបស់របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់បិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចេរភាព។

លោក Huang Jianhai ប្រធានសមាគមពាណិជ្ជកម្មជិនហួរនៅកម្ពុជា បានជម្រាបជូនថា ការបង្កើតសមាគមពាណិជ្ជកម្មជិនហួរនៅកម្ពុជា ក្នុងគោលបំណងជំរុញ និងតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន កាន់តែច្រើនឡើង។

ស្របពេលជាមួយគ្នានេះ លោក Huang Jianhai ក៏បានបង្កើតផ្សារបោះដុំសម្ភារៈ សំណង់គ្រប់ប្រភេទប្រមូលផ្តុំដោយអ្នកចែកចាយ និងផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទ ជាទីផ្សារដ៏មានសក្តានុពល យ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំសមាគម និងតំណាងក្រុមហ៊ុនវិនិយោគ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន៕