ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រ ឡាច ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកកំពង់ត្រឡាច លោក វន ស៊ីផា អភិបាល នៃគណៈអភិបាល ស្រុកកំពង់ត្រឡាច ព្រមទាំងក្រុមការងារ មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា រដ្ឋបាលឃុំអូរឫស្សី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៤៩៨នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការសិក្សារយៈពេល ១២ឆ្នាំមកនេះ មិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេ ប៉ុន្តែជាជំហានត្រៀមខ្លួនស្គាល់នូវរសជាតិជីវិតពិតប្រាកដក្នុងវ័យជាមនុស្សពេញវ័យ។ ការបន្តការសិក្សានៅមហាវិទ្យាល័យ ឬជំនាញផ្សេងៗ នៅតាមបណ្តាខេត្ត ឬរាជធានីភ្នំពេញក្ដី ជានិមិត្តរូបនៃការខិតខំ ដែលប្អូនៗមានពេល ៣ ឬ៤ឆ្នាំ ដើម្បីបញ្ចប់ ហើយបន្ទាប់មកត្រូវប្រឈមមុខនឹងជីវិតជាក់ស្ដែង ដោយយកតម្រេះ និងចំណេះដឹងមកប្រកបមុខរបរ ឬមុខជំនាញ និងដោះស្រាយបញ្ហានានាក្នុងជីវិតប្រចាំថ្ងៃ។
បច្ចុប្បន្ន ប្អូនៗមានឱកាសច្រើនក្នុងការទទួលបានព័ត៌មាន និងស្រាវជ្រាវឱកាសការងារបានលឿនរហ័ស ខុសពីសម័យមុនដែលដឹងត្រឹមតាមកាសែត ឬទស្សនាវដ្ដី ជាពិសេស ការប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការ ក្នុងសម័យដឹកនាំដោយ សម្ដេចធិបតី នាយករដ្ឋមន្ត្រី គឺផ្តល់ឱកាសស្មើៗគ្នា ក្រោមគោលការណ៍ «អ្នកចេះ គឺជាប់»។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តល់នូវមតិផ្តាំផ្ញើ និងការលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ មើលមេរៀន និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រឡងនាពេលខាងមុខ ឱ្យទទួលបានលទ្ធផលល្អប្រសើរគ្រប់ៗគ្នា។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តមួយចំនួនជូនដល់សិស្សានុសិស្សណាដែលទទួលបាន និទ្ទេស Aផងដែរ។
ក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិត ក៏បានរៀបចំទេយ្យទាន សាដក និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃក្នុងពិធីសូត្រមន្ត ព្រមទាំងបានរៀបចំភេសជ្ជៈ និងឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ដំណើរការកម្មវិធីទាំងមូលឱ្យប្រព្រឹត្តទៅដោយរលូន និងរីករាយបន្ថែមទៀត៕







