ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង កំពុងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋនៅឃុំតាជេស ស្រុកកំពង់ត្រឡាច
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ អមដំណើរដោយរដ្ឋបាលឃុំតាជេស នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង នៃសមាគម «ដើម្បីភ្នែកពិភពលោក» (Pour Les Yeux du Monde) ដែលកំពុងបំពេញបេសកកម្មផ្ដល់ការពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានទីតាំងនៅលើកប៉ាល់ ស្ថិតនៅភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តដើម្បីជួយដល់សុខភាពភ្នែក និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយដំណឹង ការពិនិត្យ និងព្យាបាលជំងឺភ្នែកនេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានឱ្យបានទាន់ពេលវេលា ត្រូវជួយសម្របសម្រួល និងយកចិត្តទុកដាក់ជូនដំណើរចាស់ជរា ដើម្បីឱ្យពួកគាត់បានមកទទួលយកសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងជួយសម្របសម្រួលកៅអីអង្គុយ និងទឹកពិសារ ជូនដល់ប្រជាពលរដ្ឋដែលមកអង្គុយរង់ចាំទទួលសេវាកម្មផងដែរ។
នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគ បរិភោគជូនគ្រួសារប្រជាពលរដ្ឋ ស្រីពោះម៉ាយពិការជើង ជាកម្មករសំណង់ ទទួលបន្ទុកចិញ្ចឹមកូនចំនួន ២នាក់ នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ។


