កសិករគួរតាមដានព័ត៌មានកសិកម្មឱ្យបានច្រើន ដើម្បីជាមូលដ្ឋានសម្រាប់គិតគូរដល់ការដាំដុះឱ្យទទួលប្រាក់ចំណេញ
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោមានប្រសាសន៍ថា នៅក្នុងសម័យកាលទំនើបនេះ កសិករគួរតាមដានព័ត៌មានអំពីកសិកម្មឱ្យបានច្រើន បើពួកគាត់ប្រកបមុខរបរកសិកម្ម ហើយជីវភាពពឹងផ្អែកលើការធ្វើកសិកម្មនេះ។
ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករជាង៣០០នាក់នៅសាលាស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស ពីលោក ទេព រីម អភិបាលរងស្រុកសន្ទុក ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្ម។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា “ដូចខ្ញុំលើកឡើងអំពីការដាំដើមខាត់ណាដើម កសិករដាំលក់បានប្រាក់ចំណេញច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំចិន និងកម្មវីធីជាព្រឹត្តិការណ៍ផ្សេងទៀត។ ក្នុងរដូវក្តៅ បើគេដាំអ្វីអត់បាន ពិសេសអ្នកដាំបន្លែនៅខាងក្រៅផ្ទះសំណាញ់ ហើយយើងផលិតបាន នោះគឺអាចលក់បានថ្លៃ ហើយវាជាលាភរបស់យើង ឱ្យតែយើងអនុវត្តធ្វើតាមបច្ចេកទេសបានល្អ ។ ដូចនេះទាមទារឱ្យយើងមើលព័ត៌មានកសិកម្មឱ្យបានច្រើន ជាពិសេសព័ត៌មានបង្ហាញពីតម្លៃកសិផល ដែលមានផ្សាយជារៀងរាល់ថ្ងៃនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងផេកហ្វេសប៊ុកផ្លូវការរបស់សមាគមបណ្តាញកសិករតេជោ”។
ឯកឧត្តមបន្តទៀតថា៖ “ព័ត៌មានបង្ហាញពីតម្លៃកសិផលនេះ អាចធ្វើជាព័ត៌មានគោលសម្រាប់យកមកធ្វើការពិចារណា ហើយសម្រាប់អ្នកចេះមើលព័ត៌មានបែបនេះ អាចនឹងដឹងបន្ថែមទៀតថានៅខែណាបន្លែលក់បានថ្លៃ និងខែណាខ្លះលក់បានតម្លៃទាប។ដូចនេះបងប្អូនអាចធ្វើការពិចារណាបាន។
លើសពីនេះ បើសិនជាបងប្អូនមានទូរទស្សន៍អាចចូលទៅមើលនៅប្រព័ន្ធផ្កាយរណប DTH UHD ប៉ុស្តិ៍លេខ២៧ ជាទរទស្សន៍កសិករ (កសិករ TV) ផ្តល់ព័ត៌មានកសិកម្មច្រើនប្រភេទនៅក្នុងវិស័យកសិកម្ម មានការដាំដុះ ការចិញ្ចឹមសត្វ ការកែច្នៃ ព័ត៌មានអំពីការធ្វើកសិកម្មបែបអន្តរជាតិ”។
ឯកឧត្តបណ្ឌិតប្រតិភូ មានប្រសាសន៍សង្កត់ធ្ងន់ថា “ទូរទស្សន៍កសិករ ខ្ញុំបង្កើតឡើងក្នុងគោលដៅធំដើម្បីផ្តល់ព័ត៌មានកសិកម្មដល់បងប្អូនកសិករដើម្បីយកមកធ្វើការពិចារណា។ ការធ្វើកសិកម្មតាមគ្នាវាមិនសូវស្រួលទេ ដូច្នេះយើងធ្វើកសិកម្មត្រូវមានការគិតគូរដោយខ្លួនយើង ដោយឈរនៅលើព័ត៌មានដែលយើងទទួលបាន ហើយយើងកុំធ្វើតាមគ្នាដើម្បីលក់បានថ្លៃខ្ពស់។ ដូចនេះដើម្បីទទួលបានព័ត៌មានកសិកម្មក្នុងស្រុក និងអន្តរជាតិនេះ អាចតាមដាននៅលើ ផេកហ្វេប៊ុកផ្លូវការរបស់កសិករ TV ផេកហ្វេសប៊ុកសមាគមបណ្តាញកសិករតេជោ និងផេកហ្វេសប៊ុក របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ក៏បាន”។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកនូវព័ត៌មានអំពីសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោបំណងធំៗចំនួន២
•តួនាទី១ ទី១ ជាស្ពានឱ្យបងប្អូនប្រជាកសិករទូទាំងប្រទេសដើរឆ្លង ភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ ដែលមានទឹកចិត្តស្រលាញ់ជួយដល់វិស័យកកសិកម្ម ទី២ ជាស្ពានដើរឆ្លងទៅរកបច្ចេកទេស ដូចជាការដាំដុះ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ព្រមជាមួយបច្ចេកទេសថ្មីៗដែលមានច្រើន និងមានកការការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ទី៣ ជាស្ពានដើរឆ្លងទៅរកទីផ្សារ និងទី៤ ជាស្ពានចម្លងសំឡេងរបស់បងប្អូនកសិករនៅតាមមូលដ្ឋាន ជាសំឡេងនៃការព្រួយបារម្ភ សំឡេងបង្ហាញពីទុក្ខលំបាក ត្រូវការជំនួយ ដើម្បីឱ្យអ្នកជំនាញផ្នែកកសិកម្ម អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ដឹកនាំបានឮនៅទូទាំងប្រទេស ចុះដោះស្រាយបានលឿន។
•តួនាទី ទី២ របស់សមាគមបណ្តាញកសិករតេជោ គឺចង់ធ្វើជាខែលឱ្យបងប្អូនជ្រកពេលភ្លៀង ពេលថ្ងៃ ទាំងក្តៅទាំងត្រជាក់បាន។ ជួយការពារភាពស្របច្បាប់ ភាពត្រឹមត្រូវរបស់បងប្អូនប្រជាកសិករ។ បើប្រជាកសិករមានរឿងណាដែលមានការរំលោភឬបំពានដោយខុសច្បាប់ដោយបុគ្គលណាមួយ សមាគមអាចផ្តល់មេធាវី ឬត្រូវផ្តល់ជាយោបល់ត្រូវធ្វើរបៀបម៉េចបាន។ នេះហើយគឺជាជម្រក ឬជាខែលសម្រាប់ការពារភាពស្របច្បាប់របស់ប្រជាកសិករ៕


