ឯកឧត្តមបណ្ឌិត យ៉េត វីណែល៖ ទីតាំងកាស៊ីណូដែលមានបទល្មើសឆបោក ឬបង្ខាំងមនុស្ស (Scams Online) នឹងត្រូវដកហូតអាជ្ញាប័ណ្ណ បង្កកគណនីធនាគារ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត មានរៀបចំកិច្ចប្រជុំពង្រឹងការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមកិច្ចសហការរវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ប.ឆ.ប)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងមន្ទីរដែលពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុងចំនួន១ និងស្រុកចំនួន៣ ក្នុងខេត្ត មិនមានបទល្មើសនេះកើតឡើងឡើយ ដោយឡែកសម្រាប់ក្រុងព្រះសីហនុ និងក្រុងកំពង់សោម អាជ្ញាធរកំពុងបន្តចុះស្រាវជ្រាវ និងបង្ក្រាបជាលក្ខណៈរដ្ឋបាលចំហជាបន្តបន្ទាប់។ ឯកឧត្តមបានអំពាវនាវដល់អ្នកពាក់ព័ន្ធ ត្រូវងាកមកសហការជាមួយអាជ្ញាធរ ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាសម្អាតមូលដ្ឋាន ជៀសវាងកុំឱ្យកម្ពុជាជាប់បញ្ជីខ្មៅ (Blacklist) ដែលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមជាតិ។
ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានកោតសរសើរចំពោះវឌ្ឍនភាពការងារចុះបិទត្រា (Seal) ទីតាំងល្មើសនានានាពេលកន្លងមក និងបានដាក់បទបញ្ជាម៉ឺងម៉ាត់ថា៖
«ចំពោះទីតាំងកាស៊ីណូណាដែលរកឃើញថាមានបទល្មើសឆបោកបច្ចេកវិទ្យា ការចាប់បង្ខាំង ឬជម្រិតមនុស្ស គ.ប.ឆ.ប នឹងចាត់វិធានការតាមច្បាប់ ហើយអ្នកប្រព្រឹត្តត្រូវផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។»
ជាលទ្ធផលក្នុងកិច្ចប្រជុំនេះ និងទិសដៅបន្តទាំង ៣ ចំណុចសំខាន់ៗរួមមាន៖
១. ឯកភាព និងប្តេជ្ញាបន្តស្រាវជ្រាវ បង្ក្រាប និងបោសសម្អាត Online Scams ឱ្យអស់ពីភូមិសាស្ត្រខេត្តព្រះសីហនុ។
២. អ្នកពាក់ព័ន្ធនឹងបទល្មើស ត្រូវប្រឈមមុខនឹងវិធានការច្បាប់
– ដោយទ្រព្យសម្បត្តិត្រូវបង្កក ឬរឹបអូស
– ហើយចំពោះមនុស្សត្រូវផ្តន្ទាទោសតាមច្បាប់។
៣. អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមរាយការណ៍ព័ត៌មានតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍៖ 092 557 117។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ថាប័នអយ្យការ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការបង្ក្រាបបទល្មើស Scams Online ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន៕




