កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សានៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Krishnajie Partadireja កុងស៊ុលនៃស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលមានរចនាសម្ព័ន្ធរដ្ឋបាលចែកជា ៦ក្រុង-ស្រុក ២៩ឃុំ-សង្កាត់ និង ១១១ភូមិ មានប្រជាពលរដ្ឋប្រមាណ ៣១ម៉ឺននាក់ ជាមួយទំហំ GDP ខេត្ត ១៣២លានដុល្លារ និង GDP សម្រាប់មនុស្សម្នាក់ជាង ៤,២០០ដុល្លារ។ ខេត្តសម្បូរទៅដោយធនធានធម្មជាតិ និងមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ដែលត្រូវបានប្រសិទ្ធនាមថាជាតារារះ “នាទិសនិរតី” និងជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោកកាលពីឆ្នាំ២០១១។
ឯកឧត្តមបានបន្តថា ខេត្តមានសក្តានុពលសេដ្ឋកិច្ចប្រទាក់ក្រឡារួមមាន ផ្លូវគោក (ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង) និងផ្លូវទឹក ដែលមានកំពង់ផែទឹកជ្រៅ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្ទឹងហាវ កំពង់ផែកែវផុស) កំពុងអភិវឌ្ឍន៍ជាបីតំណាក់កាល ហើយដំណាក់កាលទីបីនឹងបញ្ចប់នៅឆ្នាំ២០៣០ ជម្រៅទឹក ១៧,៥០ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាធំៗលើពិភពលោកចូលចតបាន។ ជាមួយគ្នានេះ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ដែលមានកម្មករចំនួន ៦ម៉ឺននាក់ កំពុងបម្រើការងារយ៉ាងសកម្ម។ ចំណែកឯគោលការណ៍របស់រាជរដ្ឋាភិបាល គឺជំរុញខេត្តព្រះសីហនុឱ្យទៅជា៖ ១. តំបន់ឧស្សាហកម្ម ភស្តុភារកម្ម ២. ទីក្រុងសមាហរណកម្ម លំនៅឋាន ពាណិជ្ជកម្ម មជ្ឈមណ្ឌលសមាហរណកម្មហិរញ្ញវត្ថុអន្តរជាតិ និង ៣. តំបន់កោះ ឆ្នេរ ប្រែក្លាយជាតំបន់ទេសចរណ៍ តាមរយៈការដាក់ចេញកម្មវិធីពិសេសក្នុងការវិនិយោគដែលមានតែមួយគត់ក្នុងការលើកទឹកចិត្តផ្នែកពន្ធ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី គឺល្អទាំងសេដ្ឋកិច្ចនិងនយោបាយ រហូតមានបទចម្រៀងមួយបទដែលប្រជាជនកម្ពុជាស្គាល់ គឺបទ «កូលាបឥណ្ឌូនេស៊ី»។
ជាការឆ្លើយតប លោក Krishnajie Partadireja បានសម្តែងការរីករាយយ៉ាងខ្លាំងចំពោះជំនួបដំបូងនេះ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានជួយសម្រួលដល់ជនជាតិឥណ្ឌូនេស៊ីក្នុងការរស់នៅ ដោយហេតុថាខេត្តព្រះសីហនុជាកន្លែងដែលមានប្រជាជនឥណ្ឌូនេស៊ីរស់នៅច្រើនជាងគេ។ លោកកុងស៊ុលបានប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការបង្ក្រាបស្កេម (Scam) ឱ្យអស់ពីខេត្ត និងប្រទេសកម្ពុជា។ តាមរយៈទំនាក់ទំនងល្អនេះ ឥណ្ឌូនេស៊ីត្រៀមខ្លួនធ្វើពាណិជ្ជកម្មជាមួយកម្ពុជាជាបន្តបន្ទាប់ ដែលបច្ចុប្បន្នសង្កេតឃើញមានច្រើនលើសេវាកម្មភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហារនៅក្នុងខេត្ត។ ក្នុងរយៈពេល៣ឆ្នាំនេះ ឥណ្ឌូនេស៊ីបាននាំចូលចំណីអាហារមកកម្ពុជា ពិសេសគឺមីកញ្ចប់ និងសង្ឃឹមថាកម្ពុជានឹងចូលចិត្តរសជាតិដូចគ្នា។ ភាគីឥណ្ឌូនេស៊ីក៏មានកម្មវិធីលើកទឹកចិត្តដល់ហាងឬភោជនីយដ្ឋានដែលមានលក្ខណៈគ្រប់គ្រាន់តាមលក្ខខណ្ឌផងដែរ។
លោកបានបញ្ជាក់បន្ថែមថា នៅខែកញ្ញាខាងមុខនេះ ឥណ្ឌូនេស៊ីនឹងមានការរៀបចំពិព័រណ៍មួយនៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា «សួស្តីឥណ្ឌូនេស៊ី» ដើម្បីនាំយកផលិតផលផ្សេងៗមកកាន់កម្ពុជា ដែលសរបញ្ជាក់ពីទំនាក់ទំនងស្អិតរមួតមិនអាចកាត់ផ្តាច់បានរវាងប្រទេសទាំងពីរ។
ជំនួបដ៏មានអត្ថន័យនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល បន្ទាប់ពីភាគីទាំងពីរបានថ្លែងអំណរគុណចំពោះគ្នាទៅវិញទៅមក និងបានថតរូបអនុស្សាវរីយ៍រួមគ្នា៕
អត្ថបទ មនសូត្រ




