ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលកម្រិតតំបន់ ស្តីពី “Blended Finance: In Search of Effective Solutions”
ភ្នំពេញ÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលកម្រិតតំបន់ ស្តីពី “Blended Finance: In Search of Effective Solutions” តាមរយៈប្រព័ន្ធអនឡាញ នារសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ State Development Corporation VEB.RF និង ADFIAP និងមានការចូលរួមពីតំណាងជាន់ខ្ពស់នៃ State Development Bank Corporation VEB.RF, PT Saran Multi Infrastruktur (Indonesia), Convergence, Development Bank of Oman, ARDB, Development Bank of Japan, Japan Economic Research Institute និងសមាជិក ADFIAP ចម្បងៗមួយចំនួន។
ក្នុងសុន្ទរកថាបើកវេទិកាពិភាក្សានេះ ឯកឧត្តមបណ្ឌិត បានលើកឡើង ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) សកលលោកទាំងមូល ត្រូវការមូលនិធិប្រមាណជា ៤,៣ ទ្រីលានដុល្លារអាម៉េរិក ដែលក្នុងនោះតំបន់អាស៊ី និងប៉ាស៊ីហ្វិក ត្រូវការប្រមាណជា ១,៥ ទ្រីលានដុល្លារអាម៉េរិក ប៉ុន្តែគម្លាតនៃហិរញ្ញប្បទាននៃការវិនិយោគទៅលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព (sustainable development financing gap) នៅតែមានទំហំធំនៅឡើយ ដែលនេះទាមទារឱ្យមានការចូលរួមបន្ថែមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ តាមរយៈការប្រើប្រាស់យន្តការហិរញ្ញប្បទានចម្រុះ (Blended Finance)។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានអនុញ្ញាតឱ្យតំណាងធនាគារ ARDB ចែករំលែកនូវបទពិសោធនៃការអនុវត្តហិរញ្ញប្បទានចម្រុះ នេះដល់កិច្ចពិភាក្សាផងដែរ។



