ឯកឧត្ដមបណ្ឌិត កៅ ថាច បានធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។
ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ព្រមទាំងសហការី បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Hayleys Agriculture ដោយមានកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញប្បទានអភិវឌ្ឍន៍នៃស៊ីឡុង (ស្រីលង្កា) -Development Finance Corporation of Ceylon ឬហៅកាត់ថា DFCC bank ជាស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍របស់រដ្ឋដ៏សំខាន់មួយនៃប្រទេសស្រីលង្កា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៥។
ដំណើរទសនកិច្ចនេះសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា ព្រមទាំងឧត្តមានុវត្តនៃធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុន Hayleys Agriculture ដែលផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មពាក់ព័ន្ធ ដើម្បីគាំទ្រដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។។
Hayleys គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះដ៏ធំមួយរបស់ប្រទេសស្រីលង្កា បានបង្កើតតាំងពីឆ្នាំ ១៨៧៨។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិកម្ម, វិស័យដឹកជញ្ជូន និងភស្តុភារ, វិស័យថាមពល, វិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍។
ដោយឡែក ចំពោះក្រុមហ៊ុន Hayleys Agriculture ដែលជាបុត្រសម្ព័ន្ធ បានចូលរួមគាំទ្រការអភិវឌ្ឍវិស័យកសិកម្មតាមរយៈ ផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្ត និងសេវាបច្ចេកទេសដល់កសិករ, ជួយភ្ជាប់កសិករខ្នាតតូចទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ, ជំរុញការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងការអនុវត្តកសិកម្មប្រកបដោយចីរភាព, និងគាំទ្រខ្សែច្រវាក់តម្លៃកសិកម្ម តាមរយៈសកម្មភាពកែច្នៃ និងនាំចេញ។
ឆ្លៀតឱ្យកាសនេះ ឯកឧត្តមបានជម្រាបជូនតំណាងក្រុមហ៊ុនពីសក្ដានុពលនៃវិស័យកសិកម្មនៅកម្ពុជា ដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពសិក្សាពីកិច្ចសហប្រតិបត្តិការធុរកិច្ចកសិកម្មនៅកម្ពុជា។
នាពេលរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតបានបន្តដំណើរទស្សនៈកិច្ចនៅ កសិដ្ឋានចិញ្ចឹមគោទឹកដោះវៃឆ្លាតដែលធន់នឹងអាកាសធាតុរបស់កសិករខ្នាតតូច និងពិនិត្យខ្សែច្រវាក់ផលិតកម្មកែច្នៃសាច់មាន់នៅក្រុមហ៊ុន Pussalla Meat Producers (Pvt) Ltd ដែលជាក្រុមហ៊ុនប្រកបអាជីវកម្មគ្របដណ្តប់ខ្សែច្រវាក់ផលិតកម្មទាំងមូល (Farm to Fork) រួមមាន ការចិញ្ចឹមមាន់ ការបង្កាត់ពូជ ការភ្ញាស់កូនមាន់ ការផលិតចំណីសត្វ និងការកែច្នៃសាច់មាន់សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេសស្រីលង្កា និងសម្រាប់ការនាំចេញ៕



