មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នាព្រឹកថ្ងៃទី២២ ខែកញ្ញានេះ បានប្រារព្ធទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ប្រធានបទ៖ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» ក្រោមពាក្យស្លោក
ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត។
លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានលើកឡើងថា៖ នៅក្នុងការងារសុខាភិបាល គ្មានអ្វីដែលមានតម្លៃថ្លៃថ្លាជាង«ការសង្គ្រោះជីវិត»នោះឡើយ។ ស្របតាមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» និងពាក្យ ស្លោក «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត» ថ្ងៃនេះ យើងទាំងអស់គ្នាមិនត្រឹមតែមកជួបជុំគ្នាដើម្បីអបអរសាទរទិវានេះប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបញ្ជាក់ឡើងវិញនូវ បេសកកម្មដ៏ពិសិដ្ឋមួយ គឺ «ការការពាររាល់ជីវិតមាតានិងទារក ឱ្យចាកផុតពីគ្រោះថ្នាក់ ដែលអាចជៀសវាងបាន»។ មាតាគ្រប់រូប ដែលឈានជើងចូលមកកាន់មជ្ឈមណ្ឌលរបស់យើង គឺកំពុងផ្ញើជោគវាសនា និងក្តីសង្ឃឹមនៃគ្រួសារទាំងមូលមកលើដៃរបស់យើង។ សុវត្ថិភាពអ្នកជំងឺមិនមែនជាគោលដៅដាច់ដោយឡែកនោះទេ ប៉ុន្តែជាបេះដូង និងជាគ្រឹះនៃគុណភាពសេវាសុខាភិបាល។ ដើម្បីប្រែក្លាយស្មារតី នៃទិវានេះ ឱ្យទៅជាការអនុវត្តជាក់ស្តែងនៅកម្រិតប្រតិបត្តិការ ការថែទាំប្រកបដោយសុវត្ថិភាពទាមទារនូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចាប់តាំងពីការពិនិត្យ ផ្ទៃពោះរហូតដល់ការសម្រាល និងការថែទាំក្រោយសម្រាល។ ជំងឺមិនឆ្លង ដូចជាជំងឺទឹក នោមផ្អែម និងលើសសម្ពាធឈាមលើស្ត្រីមានផ្ទៃពោះ គឺជាហានិភ័យដ៏ស្ងប់ស្ងាត់។ ហេតុ នេះ មជ្ឈមណ្ឌលជាតិ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីទាំងអស់ ត្រូវតែពង្រឹងការប្រែក្លាយការ ស្រាវជ្រាវហានិភ័យ ទៅជាទម្លាប់ការងារប្រចាំថ្ងៃតាមរយៈ «ប្រព័ន្ធសញ្ញាកូដពណ៌» (Color-Coding System) ក្នុងការពិនិត្យសម្ពាធឈាម និងកម្រិតស្ករក្នុងឈាមចំពោះស្ត្រី មានផ្ទៃពោះគ្រប់រូប និងគ្រប់ការជួប ដើម្បីកំណត់ហានិភ័យ និងចាត់វិធានការសង្គ្រោះបាន ទាន់ពេលវេលា។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា ដើម្បីសម្រេចបាននូវ សុវត្ថិក្នុងការថែទាំ សម្រាប់ជីវិត សូមដាក់ចេញនូវទិសដៅយុទ្ធសាស្រ្ត និងការអនុវត្តសំខាន់ៗ ដើម្បីឲ្យយើងទាំងអស់គ្នាប្រកាន់ខ្ជាប់ និងប្តេជ្ញាចិត្ត ដូចជា៖ ទី១. ពង្រឹងការអនុវត្ត ប្រព័ន្ធសញ្ញាកូដពណ៌ លើការស្រាវជ្រាវ និងវាយតម្លៃហានិភ័យ។ ទី២.ប្រែក្លាយប្រព័ន្ធ MPDSR ឲ្យទៅជាកញ្ចក់ឆ្លុះបញ្ចាំង និងជាការរៀនសូត្រ។ ទី៣.បង្កើនការចូលរួម និងកសាងទំនុកចិត្តជាមួយអ្នកជំងឺ និងគ្រួសារ។ ទី៤.ធានាការត្រៀមលក្ខណៈរួចរាល់នូវប្រព័ន្ធ និងសម្ភារបរិក្ខារ និងទី៥.ពង្រីកការប្តេជ្ញាចិត្តឲ្យហួសពីបរិវេណមនី្ទរពេទ្យ។
លោកជំទាវសាស្តាចារ្យបានផ្ដាំផ្ញើដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាកទាំងអស់ថា នៅក្នុងដៃរបស់បងប្អូនទាំងអស់គ្នា គឺជីវិតពីរ-ជីវិតរបស់ម្តាយ និងជីវិតរបស់កូន។
ការយកចិត្តលើកិច្ចការតូចតាចជារៀងរាល់ថ្ងៃ – ការផ្ទៀងផ្ទាត់ឈ្មោះ និងឱសថ ការប្រាស្រ័យ ទាក់ទងដោយច្បាស់លាស់ ការស្តាប់ដោយយកចិត្តទុកដាក់ និង «ការហ៊ានបញ្ចេញមតិ ដើម្បីសុវត្ថិភាព speak up for safety) – គឺជាខែលការពារជីវិតដ៏រឹងមាំបំផុត។
ជាចុងក្រោយលោកជំទាវរដ្ឋលេខាធិការ សូមវាយតម្លៃខ្ពស់ចំពោះមន្រី្តសុខាភិបាល វេជ្ជបណ្ឌិត ឆ្មប និងបុគ្គលិកថែទាំទាំងអស់ នៅគ្រប់កម្រិត ទាំងនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងតាមបណ្តាខេត្ត (ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង) ដែលបានលៈបង់កម្លាំងកាយចិត្ត និងបេះដូងក្នុងការបម្រើប្រជាជន។ ដៃរបស់បងប្អូន គឺជាដៃដែលបង្កើតស្នាមញញឹម និងរក្សាការពារជីវិត៕


