ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតសិង្ហបុរី ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសការពង្រឹងសមត្ថភាពមន្ដ្រីអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងឱកាសនោះដែល ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានរំលឹកឡើងវិញអំពីទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដែលត្រូវបានពូនជ្រំឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង ឯកឧត្តម លី ក្វាន់យូ (Lee Kuan Yew) ដែលជាមិត្តភក្តិដ៏ជិតស្និទ្ធ និងបានផ្ដោតសំខាន់លើការកសាង និងអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន ហើយការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ក៏មិនអាចកាត់ផ្ដាចពីការចូលរួមចំណែករបស់សិង្ហបុរីនោះដែរ។
ឯកឧត្តមសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា បានបង្ហាញអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលើការជំរុញការអភិវឌ្ឍ និងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងស្ថេរិភាព ក្នុងនោះបច្ចុប្បន្នកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានសហការផ្ទាល់ជាមួយប្រទេសសិង្ហបុរី និងបណ្ដាប្រទេសក្នុងតំបន់។ បញ្ហា Online Scams នាពេលនេះ កម្ពុជាបានដោះស្រាយបញ្ហាធំៗ ហើយក្រុមឧក្រិដ្ឋជនភាគច្រើនជាជនបរទេស។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ទៀតថា បទល្មើស Online Scams ក៏ជាបញ្ហាសកល និងជាបទល្មើសឆ្លងដែនមួយ ដែលទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយគ្នា។
ជាការឆ្លើយតប របស់ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ក៏បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រទេសសិង្ហបុរី យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្តោតសំខាន់លើ ការលុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងយកចិត្តទុកដាក់លើជនរងគ្រោះដោយសារគ្រឿងញៀន។ បញ្ហាចម្បងមួយទៀត គឺការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាបញ្ហាសកលទាមទារឲ្យមានការឆ្លើយតបជាសកល ដោយមិនមែនសម្រាប់តែប្រទេសណាមួយដែលអាចដោះស្រាយបានតែឯងទេ។
ឯកឧត្តមបានបន្ដថា សិង្ហបុរីតែងតែធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដូចជាជាមួយ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ឋ UNODC, Interpol ក៏ដូចជាជាមួយសម្ព័ន្ធប្រឆាំងការឆបោកសកល ដែលបានពង្រីកកិច្ចសហប្រតិបត្តិការរហូតដល់ប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏មានបំណងក្នុងការពង្រីកនូវសមាជិកភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណ និងគាំទ្រចំពោះការលើកឡើងលោកឯកអគ្គរដ្ឋទូត ដែលបានបង្ហាញការគាំទ្រលើគ្រប់ចំណុចនៃកិច្ចពិភាក្សា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឲ្យកាន់តែរឹងមាំបន្ថែមទៀត។



