ឧទ្យានជាតិវីរៈជ័យ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយមានផ្ទៃដីសរុបប្រមាណ ៣៣២ ៥០០ហិកតា លាតសន្ធឹងលើខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ទីតាំងរបស់ឧទ្យានមានសារៈសំខាន់ជាពិសេស ដោយមានព្រំប្រទល់ជាប់ប្រទេសឡាវ និងវៀតណាម ដែលបង្កើតជាច្រករបៀងជីវៈចម្រុះឆ្លងដែន។
ឧទ្យានជាតិវីរៈជ័យ គឺជាតំបន់ការពារធម្មជាតិដ៏សំខាន់របស់កម្ពុជា និងជាឧទ្យានបេតិកភណ្ឌអាស៊ាន ដែលមានជីវៈចម្រុះសម្បូរបែប និងជាជម្រកសត្វព្រៃកម្រជាច្រើន ខណៈការអភិរក្សតំបន់នេះក៏មានសារៈសំខាន់ចំពោះជីវភាពប្រជាជនមូលដ្ឋាន និងនិរន្តរភាពបរិស្ថាន។ ឧទ្យាននេះលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែងត្រូវបានចុះបញ្ជីជាឧទ្យានជាតិបេតិកភណ្ឌអាស៊ាន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៣ ផងដែរ។
តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរួមគ្នារវាងក្រសួងបរិស្ថាន និងសាកលវិទ្យាល័យ Oxford នៅចន្លោះខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ការប្រើប្រាស់កាមេរ៉ាស្វ័យប្រវត្តិបានកត់ត្រាវត្តមានសត្វព្រៃចំនួន ២៧ប្រភេទ។ ក្នុងចំណោមនោះ មានប្រភេទសត្វដែលស្ថិតក្នុងបញ្ជីក្រហមរបស់ IUCN ដូចជា ដំរីអាស៊ី ខ្ទីង ទោចថ្ពាល់លឿង ខ្លាពពក និងខ្លាឃ្មុំ។
ក្រៅពីនេះ ឧទ្យានមានសត្វថនិកសត្វជាង ៣០ប្រភេទ និងសត្វស្លាបជាង ២០០ប្រភេទ ដែលបង្ហាញពីភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី។ ការរកឃើញកូនដំរីអាស៊ីនៅក្នុងតំបន់ ក៏ត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយនៃការរក្សាបាននូវទីជម្រក និងសក្តានុពលនៃការអភិរក្សសត្វព្រៃនៅកម្ពុជា។
ចំណែកតំបន់វាលធំ ដែលមានផ្ទៃដីប្រមាណ ១ ០៣០ហិកតា ក៏ជាតំបន់ធម្មជាតិដ៏មានតម្លៃរបស់ឧទ្យាន ដោយមានវាលស្មៅធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលផ្តល់ជាជម្រក និងប្រភពអាហារសម្រាប់សត្វព្រៃជាច្រើនប្រភេទ។ តំបន់នេះក៏មានសក្តានុពលសម្រាប់ទេសចរណ៍ផ្សងព្រេង និងការសិក្សាអំពីធម្មជាតិផងដែរ។
ទន្ទឹមនឹងការអភិរក្សធនធានធម្មជាតិ ការគាំពារជីវភាពប្រជាជនមូលដ្ឋានក៏ជាផ្នែកសំខាន់មួយនៃការគ្រប់គ្រងឧទ្យាន។ តាមរបាយការណ៍ មានភូមិជនជាតិដើមភាគតិចប្រមាណ ២០ភូមិ និងប្រជាជនប្រហែល ១០ម៉ឺននាក់ ដែលទទួលផលដោយផ្ទាល់ និងប្រយោលពីធនធានធម្មជាតិ និងអនុផលព្រៃឈើក្នុងតំបន់៕




