ឥណ្ឌាប្រញ៉ាប់ជម្លៀសប្រជាជនជាង៨៩.០០០នាក់ចេញភ្លាមៗ បន្ទាប់ពីព្យាករណ៍ដឹងថាព្យុះស៊ីក្លូន Arnab កំពុងធ្វើដំណើរចូលមកដល់នឹងមានហានិភ័យខ្ពស់ក្នុងរដ្ឋ Andhra Pradesh
អាជ្ញាធរឥណ្ឌាបានឱ្យដឹងថាកាលពីយប់ថ្ងៃអង្គារនេះ ពួកគេបានជម្លៀសប្រជាជនរាប់ម៉ឺននាក់ចេញពីតំបន់ឆ្នេរសមុទ្រដែលមានហានិភ័យខ្ពស់ ក្នុងរដ្ឋ Andhra Pradesh ភាគខាងកើតប្រទេសឥណ្ឌា ខណៈព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយនៅឈូងសមុទ្រ Bengal ត្រូវគេរំពឹងថានឹងបោកបក់ចូលមកដល់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនេះយ៉ាងសន្ធប់ហើយ។ នាយកដ្ឋានឧតុនិយមឥណ្ឌាបានបញ្ជាក់ថាព្យុះស៊ីក្លូនដែលមានឈ្មោះ «អាណាប» (Arnab) បានវិវត្តខ្លួនទៅជាព្យុះស៊ីក្លូន «កម្រិតខ្លាំងបំផុត» ហើយត្រូវបានគេរំពឹងថាវាបានបោកបក់ចូលមកដល់ឆ្នេរសមុទ្ររដ្ឋ Andhra Pradesh នៅព្រឹកព្រលឹមថ្ងៃពុធនេះ ដោយនាំមកជាមួយនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុកដែរ។ យោងតាមមន្ត្រីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប្រចាំរដ្ឋនេះ បានឲ្យដឹងថាឥទ្ធិពលពីទ្រនុងព្យុះ «អាណាប» បានចាប់ផ្តើមវាយប្រហារតំបន់ឆ្នេរមួយចំនួននៃរដ្ឋ Andhra Pradesh ចាប់តាំងពីយប់ថ្ងៃអង្គារមកម្ល៉េះ ខណៈដែលវាកាន់តែមានកម្លាំងខ្លាំងឡើងនៅឈូងសមុទ្របេងហ្គាល់ ហើយបានធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រ ដោយមានល្បឿនលឿនបំផុតជាងការរំពឹងទុក។ មុននេះ មន្ត្រីបានព្យាករណ៍ថា៖ ព្យុះស៊ីក្លូននឹងចូលខ្លួនមកដល់យ៉ាងពេញលេញនាយប់ថ្ងៃពុធនេះ។ លោក Prakhar Jain មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយក្នុងរដ្ឋ Andhra Pradesh បានថ្លែងថា៖ ព្យុះនេះមានលទ្ធភាពខ្ពស់ចូលមកដល់ឆ្នេរសមុទ្រយើងទាំងស្រុង នៅចន្លោះវេលាម៉ោង២ទៀបភ្លឺ ដល់ម៉ោង ៤ទៀបភ្លឺ (ម៉ោងក្នុងតំបន់)។ លោកបានបន្ថែមថា៖៖ ភ្លៀងធ្លាក់កម្រិតខ្លាំង ទៅជាខ្លាំងបំផុតក៏មាន ដែលអាជ្ញាធររំពឹងថាវានឹងកើតឡើងនៅក្នុងស្រុកមួយចំនួន ដែលរងឥទ្ធិពលពីព្យុះស៊ីក្លូននេះ។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៨៩,០០០នាក់ត្រូវបានគេជម្លៀសចេញរួចហើយនៅក្នុងរដ្ឋ Andhra Pradesh ។ ស្របពេលដែលអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប្រចាំរដ្ឋនេះបន្ថែមថា៖ តំបន់ដែលនឹងរងហានិភ័យនោះគឺមានប្រជាជនជាង១២លាននាក់កំពុងរស់នៅ និង ជាតំបន់ស្ថិតនៅលើគន្លងផ្លូវដែលព្យុះនេះបានធ្វើដំណើរឆ្លងកាត់៕
សម្រួលអត្ថបទ៖ សុផារិន្ទ


