ប្រទេសជប៉ុន នាំយកបច្ចេកវិទ្យាសំណង់ DX កម្រិតខ្ពស់មកកាន់ប្រទេសកម្ពុជា តាមរយៈ សិក្ខាសាលាបច្ចេកទេស ដើម្បីលើកកម្ពស់ផលិតភាព ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន Fukudome Corporation បានរៀបចំ សិក្ខាសាលាបច្ចេកទេស ស្តីពីការប្រើប្រាស់បច្ចេកវិទ្យា DX ក្នុងការងារសាងសង់ ដោយផ្តោត លើការបង្កើនផលិតភាពក្នុងវិស័យសំណង់ តាមរយៈបច្ចេកវិទ្យាឌីជីថល។

សិក្ខាសាលានេះបានណែនាំឧទាហរណ៍ជាក់ស្តែងនៃសំណង់ DX (ការផ្លាស់ប្តូរឌីជីថល) ដែលកំពុងត្រូវបានអនុវត្តក្នុងប្រទេសជប៉ុន។ សិក្ខាសាលានេះ ក៏នឹងចែករំលែកការយល់ដឹង អំពីសក្តានុពលសម្រាប់ការកែលម្អប្រសិទ្ធភាពការងារ ការធានាគុណភាពសំណង់ និងការ ជំរុញបច្ចេកវិទ្យាសំណង់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសិក្ខាសាលានាថ្ងៃនេះ ក្រុមហ៊ុន Fukudome Corporation បានធ្វើបទបង្ហាញអំពីវិធីសាស្ត្រនៃការធ្វើសមាហរណកម្មបច្ចេកវិទ្យាទាំងនេះឱ្យដំណើរការរួមគ្នា ចាប់ពីការងារវាស់វែង ការរចនា ការសាងសង់ រហូតដល់ការត្រួតពិនិត្យគុណភាព។ ការធ្វើសមាហរណកម្មបច្ចេកវិទ្យាទាំងនេះផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដែលអាចជាមេរៀនសំខាន់សម្រាប់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។

លោក Mashashi OBA នាយកប្រតិបត្តិ្តនៃក្រុមហ៊ុន Fukudome Corporation បានណែនាំអំពីបច្ចេកវិទ្យាសំណង់ទំនើបឈានមុខគេរបស់ប្រទេសជប៉ុន ព្រមទាំងបច្ចេកវិទ្យាបរិវត្តកម្មឌីជីថលក្នុងវិស័យសំណង់ (Construction DX) និងបច្ចេកវិទ្យា (3D) ដែលក្រុមហ៊ុន Fukudomeកំពុងអនុវត្ត។ បច្ចេកវិទ្យាទាំងនេះ មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារសំណង់ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាបច្ចេកវិទ្យាដែលមានតួនាទីយ៉ាងសំខាន់ក្នុងការការពារសុវត្ថិភាពរបស់បុគ្គលិកដែលបំពេញការងារ បង្កើនផលិតភាពការងារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យមានគុណភាពកាន់តែខ្ពស់ និងប្រសើរឡើងថែមទៀត។ លោកសង្ឃឹមថា បច្ចេកវិទ្យាសំណង់ទំនើបរបស់ប្រទេសជប៉ុន និងបទពិសោធន៍របស់ក្រុមហ៊ុនវិស្វកម្មសំណង់ស៊ីវិល Fukudome នឹងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។

តាមរយៈសិក្ខាសាលានេះ ក្រុមហ៊ុន Fukudome Corporation មានគោលបំណងពង្រឹង ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលភាវូបនីយកម្ម (DX) ក្នុងវិស័យសំណង់ដែលបង្កើតឡើង នៅជប៉ុន ជំរុញការផ្លាស់ប្តូរបច្ចេកទេសជាមួយស្ថាប័នរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធក្នុង វិស័យសំណង់ ព្រមទាំងស្វែងរកលទ្ធភាពក្នុងការអនុវត្តបច្ចេកវិទ្យាទាំងនេះឱ្យស្របទៅនឹង ស្ថានភាពជាក់ស្តែងនៃការសាងសង់នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ក្រុមហ៊ុនក៏មានបំណងបង្កើតអង្គភាពប្រតិបត្តិការមួយនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាផងដែរ៕