អ្នកជំនាញស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយពីបណ្តាប្រទេសវៀតណាម ឡាវ កម្ពុជា បារាំង និងអាហ្វ្រិកខាងលិច ចូលរួមប្រជុំពិគ្រោះយោបល់ស្តីពី «ការលើកកម្ពស់ការស្រាវជ្រាវជំងឺឆ្លងក្នុងក្របខណ្ឌអន្តរប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និង អាហ្វ្រិកខាងលិច» នៅប្រទេសកម្ពុជា

ភ្នំពេញ៖ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦,បានរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «ការលើកកម្ពស់ការស្រាវជ្រាវជំងឺឆ្លងក្នុងក្របខណ្ឌអន្តរប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និង អាហ្វ្រិកខាងលិច» ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញស្រាវ ជ្រាវ និងអ្នករៀបចំគោលនយោបាយ មកពីបណ្តាប្រទេសវៀតណាម ឡាវ កម្ពុជា បារាំង និងអាហ្វ្រិកខាងលិច សរុប ៤០ នាក់។

ពិធីបើកធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិ បាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យា សាស្ត្រសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានចំណាយពេលវេលាចូលរួម និងសម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាលលើការស្រាវជ្រាវ ការច្នៃប្រឌិត និងការពង្រឹងសមត្ថភាពនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់ស្ថាប័ន ANRS MIE និងស្ថាប័នពាក់ព័ន្ធដែលបានចូលរួមទាំងអស់ សម្រាប់ការប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើម ការចូល រួម និងការគាំទ្រយ៉ាងសកម្មផងដែរ។

អញ្ជើញមានមតិក្នុងពិធីបើក ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានបញ្ជាក់អំពីការផ្តល់តម្លៃខ្ពស់របស់ក្រសួងសុខាភិបាល ចំពោះភាពជាដៃគូដែលពង្រឹងសមត្ថភាពស្រាវជ្រាវជាតិ និងបើកឱកាសឱ្យអ្នកស្រាវជ្រាវ និងស្ថាប័នកម្ពុជាចូលរួមយ៉ាងសកម្មក្នុងការរចនា អនុវត្ត និងដឹកនាំការស្រាវជ្រាវកម្រិតពហុប្រទេស។

នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖ ១. កិច្ចសហប្រតិបត្តិការអន្តរជាតិជាកត្តាចាំបាច់ សម្រាប់ដោះស្រាយបញ្ហាសុខភាពសាធារ ណៈជាសាកល ជាពិសេសជំងឺឆ្លងដូចជា របេង និងមេរោគអេដស៍/ជំងឺអេដស៍ ដែលមិនមានព្រំដែនឡើយ។ «គ្មានស្ថាប័ន ឬប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមទាំងនេះតែម្នាក់ឯងបានទេ»។ ២. ការបង្កើតភស្តុតាងវិទ្យា សាស្ត្រដ៏រឹងមាំ និងការបកប្រែពន្លាតលទ្ធផលស្រាវជ្រាវទៅជាគោលនយោបាយ និងកម្មវិធីសុខាភិបាលជាក់ស្តែង គឺជាគន្លឹះក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលនៃលំនាំជំងឺ។ ៣. កិច្ចសហប្រតិបត្តិការមិនមែនត្រឹមតែជាការធ្វើការស្រាវជ្រាវរួមគ្នានោះទេ ប៉ុន្តែត្រូវផ្តោតលើការកសាងសមត្ថភាពស្រាវជ្រាវ ការអភិវឌ្ឍអ្នកដឹកនាំវិទ្យាសាស្ត្រ និងការឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់សហគមន៍។

គួរជម្រាបជូនថា កិច្ចប្រជុំនេះជាជំហានដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរបទពិសោធន៍ រក្សាការស្រាវជ្រាវដែលមានគុណភាពវិទ្យាសាស្ត្រខ្ពស់ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងច្នៃប្រឌិត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនទាំងក្នុងតំបន់ និងសកលលោក៕