អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងវិស័យឯកជនចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននិងApp NoDrug ជាមួយមូស្លីម

រាជធានីភ្នំពេញ :អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួងទេសចរណ៍ រួមជាមួយវិស័យឯកជនមាន:គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីLOLC ទឹកបរិសុទ្ធហាយធិច  ក្រុមហ៊ុនទេសចរណ៍ឆាយភល ធូរវើលដ៍ត្រាវែល ចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុង “វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមមូលបទ “ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ ការធ្វើដំណើរ” ។

ឯកឧត្តម ឡោ សុវិជ្ជា ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ដែលទទួលបានការអនុញ្ញាតពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមដឹកនាំក្រុមការងារដែលនោះ បានជម្រាបជូនថា ក្រសួងទេសចរណ៍យកចិត្តទុកដាក់ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែលអាចបង្កហានិភ័យដល់វិស័យទេសចរណ៍។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានជម្រាបជូនឲ្យដឹងដែរថាប្រជាពលរដ្ឋពិសេសជនរួមជាតិកាន់សាសនាមូស្លីមមានការចាប់អារម្មណ៍និងចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការចូលរួមស្វែងយល់ ទទួលយកឯកសារ និងចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន App NoDrug ជាភាសាខ្មែរនិងភាសាអ៊ីស្លាមជាដើម ដែលបង្ហាញពីការយកចិត្តទុកដាក់ជួយសហគមន៍ឲ្យមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន “សុខដុមរមនាទាំងសាសនា សុខដុមរមនាទាំងសហគមន៍ ” បញ្ហាគ្រឿងញៀនអាចនឹងកើតលើគ្រប់មនុស្សទាំងអស់ឲ្យតែទៅប៉ះពាល់វាដោយមិនប្រកាន់សាសនាពណ៌សម្បុរអីទេ។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ពាំនាំនូវការកោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់គ្រប់សមាសភាពទាំងអស់ដែលបានចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅរក្សាបាននៅជីវិតនិងសហគមន៍គ្មានគ្រឿងញៀន អរគុណដល់វិស័យឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីLOLC ទឹកបរិសុទ្ធហាយធិច  ក្រុមហ៊ុនទេសចរណ៍ឆាយភល ធូវើលដ៍ត្រាវែល Pass App  ក្រុមទូរស័ព្ទ metfone ដែលបានចូលរួមឧបត្ថម្ភជាសម្ភារៈ វត្ថុអនុស្សាវរីយ៍ កាបូប ឆ័ត្រ ពែង ផ្លិត មួក ថង់យួរ ខិតប័ណ្ណ  ទឹកបរិសុទ្ធ អាវយឺត បដា ។ល។  ដល់ការងារផ្សព្វផ្សាយទាំងបីថ្ងៃនេះ។