អាជ្ញាធរចាប់ផ្តើមចែកប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) សរុប ១២៤៥ក្បាលដី ជូនប្រជាពលរដ្ឋនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ ដំណើរការចុះបញ្ជីដីធ្លីដែលមានប្រព័ន្ធនៅតែបន្តធ្វើឡើងយ៉ាងសកម្ម ដើម្បីធានាសិទ្ធិកាន់កាប់ស្របច្បាប់ជូនប្រជាពលរដ្ឋ។ ជាក់ស្តែង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចុះបញ្ជីដីធ្លីដែលមានប្រព័ន្ធប្រចាំសង្កាត់លេខ១ បាននិងកំពុងបន្តចែកជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋយ៉ាងកុះករ នៅឯទីស្នាក់ការភូមិ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចែកប័ណ្ណកម្មសិទ្ធិនាពេលនេះ គឺជាប្រភេទដីធ្លីដែលបានមកពីការទិញ-លក់ ដោយគិតត្រឹមថ្ងៃទី២១ ខែកក្កដា នេះ ក្រុមការងារបានអនុវត្តសកម្មភាពយ៉ាងសកម្មអស់រយៈពេល ៥ ថ្ងៃធ្វើការរួចមកហើយ (ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា) ចាប់ពីម៉ោង ១:០០ ដល់ម៉ោង ៥:០០ រសៀល រៀងរាល់ថ្ងៃធ្វើការ។ តាមការបញ្ជាក់ គម្រោងចែកប័ណ្ណកម្មសិទ្ធិនាដំណាក់កាលនេះ មានចំនួនសរុបចំនួន ១,២៤៥ក្បាលដី (ភូមិ១ មានចំនួន ៩៤១ក្បាលដី និងភូមិ២ មានចំនួន ៣២៤ក្បាលដី) ។
លោក ហាំ សីហៈ សមាជិកក្រុមការងារចុះបញ្ជីដីធ្លីមានប្រព័ន្ធប្រចាំសង្កាត់លេខ១ បានឱ្យដឹងថា ការចុះបញ្ជី និងទទួល បានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ។ វាជាឧបករណ៍ផ្លូវច្បាប់ដ៏រឹងមាំដែលការពារសិទ្ធិកាន់កាប់ អាស្រ័យផល និងផ្តល់សិទ្ធិពេញលេញដល់ម្ចាស់ដីក្នុងការយកទៅប្រើប្រាស់តាមតម្រូវការផ្ទាល់ខ្លួន ដោយសុវត្ថិភាព និងស្របច្បាប់។
ជាមួយគ្នានេះ លោកក៏បានរំលឹក និងបញ្ជាក់បន្ថែមផងដែរថា៖
• កាតព្វកិច្ចពន្ធ រាល់ក្បាលដីដែលទទួលបានពីការទិញ-លក់ លុះត្រាតែប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ចបង់ពន្ធប្រទានកម្ម/ផ្ទេរកម្មសិទ្ធិជូនរដ្ឋរួចរាល់ ទើបអាជ្ញាធរអាចរៀបចំធ្វើ និងប្រគល់ប័ណ្ណកម្មសិទ្ធិនេះជូនបាន។
• សំរាប់ការចែកបន្ត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលខកខាន ឬមិនទាន់បានមកទទួលយកប័ណ្ណកម្មសិទ្ធិនៅក្នុងដំណាក់កាលនេះ ក្រុមការងារនឹងបើកការចែកជូនជាបន្តទៀតរយៈពេល ៥ ថ្ងៃ ថែមទៀត គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកសារចាំបាច់ដែលត្រូវយកមកជាមួយ ដើម្បីឱ្យដំណើរការទទួលប័ណ្ណកម្មសិទ្ធិប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស លោក ហាំ សីហៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តានាំយកមកជាមួយនូវ សន្លឹកបង្កាន់ដៃ/ប័ណ្ណសម្គាល់ក្បាលដី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម)
អាជ្ញាធរដែនដីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តតាមដានព័ត៌មានលម្អិតបន្ថែមតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការ បណ្តាញផ្សព្វផ្សាយតាមភូមិ-សង្កាត់ និងការជូនដំណឹងពីសំណាក់មេក្រុម/មេភូមិនៅតាមតំបន់នីមួយៗ ដើម្បីកុំឱ្យខកខានឱកាសទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ខ្លួន៕
អត្ថបទ ៖ ស្រីមុំ
រូបភាព ៖សុខជា






