រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ «ថ្នាក់ដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ មានតួនាទីសំខាន់ក្នុងការលើកទឹកចិត្ត និងជំរុញគាំទ្រមន្ត្រីសុខាភិបាល តាមរយៈការផ្តល់ទិសដៅ គំនិតផ្តួចផ្តើម និងដំណោះស្រាយ ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋានសុខាភិបាលឱ្យកាន់តែរឹងមាំ និងមានគុណភាពខ្ពស់។»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍នៅខាងលើនេះយ៉ាងដូច្នេះនៅក្នុងឱកាស ឯកឧត្តមអញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៤ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣០៣៦ នាក់។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ដែលបានប្រើប្រាស់នូវគំនិត និងភាពម្ចាស់ការរៀបចំកែលម្អសេវាសុខាភិបាល នៅតាម
អង្គភាពរៀងៗខ្លួន យ៉ាងសស្រាក់សស្រាំ។ ទន្ទឹមនឹងគ្នានេះថ្នាក់ដឹកនាំសុខាភិបាលក៏ត្រូវបន្តផ្តល់នូវយោបល់ជូនដល់មន្រ្តីសុខាភិបាល ដើម្បីជាធាតុចូលសម្រាប់លើកកម្ពស់សេវាសុខាភិបាលឱ្យបានកើនឡើងមួយកម្រិតទៀត។ មកដល់ពេលនេះ អន្តរកម្មរវាងថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលបានបង្កើតជាបរិយាកាសកក់ក្តៅ ដែលធ្វើឱ្យមានការផ្សារភ្ជាប់គ្នារវាងថ្នាក់ដឹកនំា និងមន្រ្តីសុខាភិបាល។
បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមឱ្យបាន ស្រុះដៃគ្នានៅក្នុងរដូវកាលដែលមានកំណើននៃអ្នកជំងឺគ្រុនឈាមនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងការរៀបចំការងាររដ្ឋបាលឱ្យរហ័ស និងមានប្រសិទ្ធិភាព និងរបៀបនៃការរៀបចំអនុវត្តការងារឱ្យមានភាពរលូនមកចែករំលែក។
ជាមួយគ្នានេះ មណ្ឌលសុខភាពស្រែណូយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានធ្វើបទបង្ហាញពីសមិទ្ធផលនៃការក្លាយជាមណ្ឌលសុខភាពគំរូ ឆ្នាំ២០២៥ ដោយបង្ហាញនូវកត្តាដែលនាំឱ្យមណ្ឌលសុខភាព ទទួលបានភាពរុងរឿងដូចជា៖ ការតាំងចិត្តបម្រើសេវារបស់បុគ្គលិក ការលះបង់ និងមិនរួញរាចំពោះការលំបាក ការទាក់ទាញការគាំទ្រពីសហគមន៍ និងការបណ្តុះបណ្តាលធនធានមនុស្សរបស់មណ្ឌលសុខភាពឱ្យមានគុណភាព។






