អបអរសាទរពិធីសម្ពោធបើកផ្លូវការ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជំនាញនិងការងារ ផលិតភាពការងារ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ត្រូវបានសម្ពោធបើកជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិត្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ម្ចាស់សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ប្រមាណជាង១៥០ ដែលផ្តល់ឱកាសការងារ នៅមួយកន្លែង និងងាយស្រួលសម្រាប់ក្មួយៗ សិស្ស និស្សិត យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ក្នុងការដាក់ពាក្យការងារ ជាមួយនិងការជួបផ្ទាល់ សម្ភាសភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម ជាក់ស្តែងរហូតដល់ទៅជាង ៣៥,០០០កន្លែង។

បើតាមរបាយការណ៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា  ការរៀបចំពិព័រណ៍ជាតិនេះឡើង គឺក្នុងគោលបំណងឆ្លើយតបទៅនឹង តម្រូវការទីផ្សារពលកម្មបច្ចុប្បន្ន ដោយភ្ជាប់គម្លាតរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជក ព្រមទាំងជំរុញការអភិវឌ្ឍជំនាញបច្ចេកទេស និងបង្កើនផលិតភាពការងារនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ដែរថា ក្នុងរយៈពេល១៥លើក ចាប់ តាំងពីឆ្នាំ២០១១ មកដល់ពេលនេះ កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមទស្សនាសរុបជាង ៤៨ម៉ឺននាក់, ក្រុមហ៊ុនដែលបានចូលរួម នៅក្នុងពិធីមានចំនួនសរុប ១,៣៨៥ ស្មើនឹង ១,៨៦១ ស្តង់, ទទួលបានប្រវត្តិរូបសង្ខេបអ្នកស្វែងរកការងារធ្វើចំនួន ២៣ម៉ឺននាក់, ឱកាសការងារចំនួន ២៤ម៉ឺនកន្លែង និងចំនួនអ្នកដែលទទួលបានការងារធ្វើជាបន្តបន្ទាប់ ក្រោយពេលបញ្ចប់ពិព័រណ៍ការងារនេះផងដែរ។ ដោយឡែក ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ លើកទី១៦ ត្រូវបានបន្តរៀបចំដោយបានបែងចែកជាកម្មវិធីសំខាន់ៗ ដូចជា  -ការដាក់តាំងបង្ហាញរបស់ក្រុមហ៊ុន សហគ្រាស ដែលផ្តល់ឱកាសការងារនៅមួយកន្លែង ងាយស្រួលសម្រាប់ក្មួយៗ សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យការងារ ជួបផ្ទាល់ សម្ភាសភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម។ ជាមួយ និងកិច្ចពិភាក្សាលើប្រធានបទ «ជំនាញ និងការងារ ផលិតភាពការងារ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» និងការចែករំលែកបទពិសោធន៍នៃការចាប់យកអាជីព ដែលមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស ដែលជំនាញនៅក្នុងទីផ្សារ ដើម្បីចែករំលែកនូវគំនិត ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ជោគជ័យជាក់ស្តែង សំដៅបណ្តុះស្មារតី កែប្រែឥរិយាបថ និងបង្កើតការយល់ដឹង អំពីការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្ម។ រួមជាមួយ យុទ្ធនាការលើកកម្ពស់ការយល់ដឹងផលិតភាពការងារ តាមរយៈកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ ក្នុងចំណោមសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ ក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ក្នុងគោលបំណងបំផុសគំនិត ជំរុញការយល់ដឹងពាក់ព័ន្ធនឹងផលិតភាពការងារ ដើម្បីឲ្យសិស្សានុសិស្សត្រៀមខ្លួនឱ្យបានល្អប្រសើរ មុននឹងចូលទីផ្សារការងារ ដោយត្រូវបានសហការរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សមាគមគ្រឹះស្ថានសេវាអប់រំនៅកម្ពុជា និង Westline Education Group។

ថ្លែងក្នុងពិធីបើកនាពេលនេះ ឯកឧត្តម សុខ ចិត្តាសោភា បានចាត់ទុកព្រឹត្តិការណ៍នេះថា មិនត្រឹមតែជាកន្លែងតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសផ្សារភ្ជាប់អ្នកស្វែងរកការងារ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល។ សម្រាប់យុវជនដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏អាចយកឱកាសនេះស្វែងយល់បន្ថែមអំពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ជំនាញ, ការងារ និងតម្រូវការជំនាញនៅក្នុងទីផ្សារកម្ពុជា ដើម្បីជាការតម្រង់ទិសស្របតាមចំណង់ចំណូលចិត្ត ក្តីស្រមៃ និងលទ្ធភាពគ្រួសារ ក្នុងការកសាងអនាគតរបស់ខ្លួន និងចៀសវាងការបន្តការសិក្សា និងចាប់យកជំនាញតាមអ្នកដទៃដែលខុសពីចំណង់ចំណូលចិត្ត ឧបនិស្ស័យ និងសមត្ថភាពរបស់ខ្លួន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្នុងរយៈពេល ៣ឆ្នាំមកនេះ វិស័យការងារមានការរីកចម្រើនគួរជាទីមោទនៈ ដោយក្នុងនោះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងចំនួន ៧,៤៥៨សហគ្រាស គឺកើនពី ៤០,៣០០សហគ្រាស ដល់ ៤៧,៧៥៨សហគ្រាស ហើយចំនួនកម្មករនិយោជិតក្នុងប្រព័ន្ធ បានកើនចំនួន ៦៨ម៉ឺននាក់ គឺកើនពី ១,៦លាននាក់ ដល់ ២,៣លាននាក់ ហើយសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព បានកើនឡើងរហូតដល់ទៅ ៣,៦លាននាក់ ផងដែរ។

សូមបញ្ជាក់ដែរថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ រៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ក្រោមប្រធានបទ «ជំនាញ និងការងារ ផលិតភាពការងារ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ដែលរយះពេល២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។