ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងប្រគល់រង្វាន់ជូនដល់សិស្សជ័យលាភីនិទ្ទេស A, B និង C នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A, B និង C សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅអគារមិត្តភាព សាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែងចំពោះលទ្ធផលប្រឡងបាក់ឌុប ដែលខេត្តមណ្ឌលគិរី ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស លើភាគរយសិស្សប្រឡងជាប់។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្មួយៗសិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ ព្រមទាំងលោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង។ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកការកែទម្រង់សាលារៀនជាអាទិភាព ដោយផ្តោតលើការពង្រឹងការគ្រប់គ្រងសាលារៀន, ការកែលម្អលទ្ធផលសិក្សា, វិន័យ សីលធម៌, និងសុខភាពសិស្ស។ ការអនុវត្តវិធានការគន្លឹះ ៤ យ៉ាង៖ រដ្ឋបាលខេត្តជំរុញអនុវត្តតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្តោតលើ៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង ទី៣. ការយកចិត្តទុកដាក់លើសុខភាពសិស្ស និងអាហាររូបត្ថម្ភ និងទី៤. ការជំរុញ និងលើកទឹកចិត្តមាតាបិតា អាណាព្យាបាល និងសហគមន៍ឱ្យចូលរួមក្នុងវិស័យអប់រំ។ ឯកឧត្តម បានផ្តាំផ្ញើ និងអំពាវនាវចំពោះមាតាបិតា និងលោកគ្រូ-អ្នកគ្រូ ស្នើឱ្យបន្តជួយជ្រោមជ្រែង គាំទ្រ និងលើកទឹកចិត្តដល់សិស្សានុសិស្សជំនាន់ក្រោយៗទៀត ដើម្បីឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្របន្ថែម។ ត្រូវជំរុញ និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់ទាំងអស់ មិនថាមកពីនិទ្ទេសใ (A, B, C, D ឬ E) ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦នេះ ខេត្តមណ្ឌលគិរី មានបេក្ខជនមកប្រឡងសរុប ៧៦៨នាក់ (ស្រី ៤៦៩នាក់)។ ជាលទ្ធផល មានបេក្ខជនប្រឡងជាប់សរុប ៧២៧នាក់ (ស្រី ៤៥៥នាក់) ស្មើនឹង ៩៤.៦៦% នៃបេក្ខជនមកប្រឡងទាំងអស់។ ក្នុងនោះ បេក្ខជនជនជាតិដើមភាគតិចប្រឡងជាប់ចំនួន ២២៥នាក់ (ស្រី ១៥៣នាក់ ស្មើនឹង ៩៧.០១%)។ លទ្ធផលនេះ បានធ្វើឱ្យខេត្តមណ្ឌលគិរី ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស លើភាគរយសិស្សប្រឡងជាប់ខ្ពស់ជាងគេ។ ក្នុងចំណោមសិស្សដែលប្រឡងជាប់ទាំងអស់ រួមមាន សិស្សទទួលបាននិទ្ទេស A ចំនួន ០៥នាក់ (ស្រី ០៣នាក់) សិស្សទទួលបាននិទ្ទេស B ចំនួន ៤៥នាក់ (ស្រី ២៥នាក់) សិស្សទទួលបាននិទ្ទេស C ចំនួន ១៥១នាក់ (ស្រី ១០៧នាក់) ព្រមទាំងនិទ្ទេស D ចំនួន ៣០០នាក់ និងនិទ្ទេស E ចំនួន ២២៦នាក់។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សទទួលបាននិទ្ទេស A, B និងC  ក្នុងនោះ សិស្សនិទ្ទេស A ចំនួន ០៥នាក់ ទទួលបាន ម៉ូតូម្នាក់ ១គ្រឿង , សិស្សនិទ្ទេស B ចំនួន ៤៥នាក់ ទទួលបានថវិកា ២០០,០០០រៀល/ម្នាក់ និងសិស្សនិទ្ទេស C ចំនួន ១៥១នាក់ ទទួលបានថវិកា ១៥០,០០០រៀល/ម្នាក់ រួមទាំងលោក នាយកវិទ្យាល័យ ដែលមានសិស្សជាប់និទ្ទេសA ទទួលបានកំព្យូទ័រម្នាក់ ១គ្រឿង និងលោកគ្រូ-អ្នកគ្រូ ចំនួន ១៤នាក់ ទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តផងដែរ ៕