«អច្ឆរិយធម្មជាតិ​នៃកម្ពុជា» ​៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងសាទរបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ — ស្ថាប័នរដ្ឋ អង្គការអភិរក្ស វិស័យឯកជន គ្រឹះស្ថានអប់រំ ប្រព័ន្ធផ្សព្វផ្សាយ សហគមន៍ និងក្រុមយុវជន កំពុងរួមកម្លាំងសហការគ្នារៀបចំកម្មវិធី «អច្ឆរិយធម្មជាតិនៃកម្ពុជា» ដើម្បីសាទរបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបចូលរួមថែរក្សាមរតកធម្មជាតិ។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤–២៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៨យប់ នៅសាលធំជាន់ទី៣ នៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ភ្នំពេញ។ ក្រោមប្រធានបទ «ការផ្តល់តម្លៃ និងក្តីស្រឡាញ់ដល់ធម្មជាតិ» ។ កម្មវិធីនេះនឹងបង្ហាញពីភាពស្រស់ស្អាតនៃព្រៃឈើ ទន្លេ តំបន់ដីសើម និងប្រព័ន្ធអេកូឡូស៊ីឆ្នេររបស់កម្ពុជា ព្រមទាំងតួនាទីរបស់ធនធានទាំងនោះសម្រាប់សង្គមមនុស្សដូចជាការផ្តល់ទឹកស្អាត ស្បៀងអាហារ ជីវភាព
អត្តសញ្ញាណវប្បធម៌ និងទេសចរណ៍ដែលអាចជំរុញសេដ្ឋកិច្ចជាតិ។ កម្មវិធីនេះក៏នាំចំណេះដឹងទាក់ទងនឹងធម្មជាតិមកខិតជិតសហគមន៍ និងយុវជននៅទីក្រុង ដែលមិនសូវមានឱកាសទៅស្វែងយល់ដោយផ្ទាល់នៅតំបន់ធម្មជាតិ។

«អច្ឆរិយធម្មជាតិនៃកម្ពុជា»  ទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍។ ការចូលរួមរបស់ស្ថាប័នច្រើនវិស័យរួមគ្នា ភ្ជាប់ការអប់រំសាធារណៈទៅនឹងអាទិភាពជាតិលើការការពារធនធានធម្មជាតិ ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានដាក់ចេញនូវកម្លាំងបង្វិលនៃការផ្សព្វផ្សាយ ផ្តោតសំខាន់លើការការផ្លាស់ប្តូរឥរិយាបថសាធារណជន និងការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីភាពស្អាត ភាពបៃតងនិងចីរភាព ក្នុងការបណ្តុះស្មារតី និងផ្លាស់ប្តូរឥរិយាបថរបស់សាធារណជន តាមរយៈយុទ្ធនាការធំៗជាបន្តបន្ទាប់ ដូចជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការចាប់ដៃគូជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើត “ទម្លាប់ស្អាត វប្បធម៌ស្អាត” ចាប់ពីកុមារដល់មនុស្សចាស់ យុទ្ធនាការ “ពន្លកបៃតង” ការបង្កើនបណ្តុះ ចែកនិងដាំដើមឈើយ៉ាងតិច១លានដើមក្នុង១ឆ្នាំជាដើម។»  ឯកឧត្តមបន្តថា៖ «ជោគជ័យនៃយុទ្ធនាការទាំងនេះ មិនមែនពឹងផ្អែកតែលើស្ថាប័នណាមួយនោះទេ ប៉ុន្តែវាទាមទារការចូលរួមពីបុគ្គលម្នាក់ៗ ដើម្បីរួមគ្នាកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានស្អាត មានពណ៌បៃតងស្រស់បំព្រង និងមានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សតជំនាន់ក្រោយ។ កម្មវិធីអច្ឆរិយធម្មជាតិនៃកម្ពុជា គឺជាមានភាពប្រទាក់ក្រឡាក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ហើយនៅក្នុងពេលនេះបានបង្កើតសកម្មភាពមួយដ៏មានសារៈសំខាន់ថែមទៀត ក្នុងការបញ្ជ្រាបចំណេះដឹង និងបណ្តុះស្មារតីស្រឡាញ់បរិស្ថាន។»

ទំនាក់ទំនងរវាងធម្មជាតិ និងជីវភាពក៏ជាប្រធានបទសំខាន់មួយនៃកម្មវិធីនេះផងដែរ។ តាមរយៈការជួបតំណាង
សហគមន៍ និងការស្វែងយល់ពីផលិតផលរបស់ពួកគាត់ អ្នកចូលរួមអាចឃើញពីរបៀបដែល ការផលិតនិងការប្រើប្រាស់ដោយទទួលខុសត្រូវ អាចរួមចំណែកដល់ការថែរក្សាធនធានធម្មជាតិ។

ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានភ្ជាប់ការងារនេះទៅនឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២–២០៣០ ដែលផ្តោតលើភាពប្រកួតប្រជែង បរិយាបន្ន
ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងចីរភាព។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «កសិករ និងអ្នកនេសាទពឹងផ្អែកលើដី ទឹក និងធនធានធម្មជាតិដើម្បីចិញ្ចឹមជីវិតនិងផ្គត់ផ្គង់ស្បៀងដល់យើងទាំងអស់គ្នា។ គោលនយោបាយអភិវឌ្ឍ
វិស័យកសិកម្មរបស់យើងផ្តល់សារៈសំខាន់ដល់ការបង្កើនផលិតភាព និងចំណូល ទន្ទឹមនឹងការប្រើប្រាស់ធនធានប្រកបដោយចីរភាព។ នៅពេលប្រជាពលរដ្ឋយល់ពីប្រភពអាហារ និងជ្រើសរើសគាំទ្រផលិតកម្មណាដែលមានការទទួលខុសត្រូវ ពួកគាត់ក៏រួមចំណែកដល់ជីវភាពសហគមន៍ និងការថែរក្សាធម្មជាតិដែរ។»

ការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ប្រកបដោយការទទួលខុសត្រូវ អំពីការអភិរក្ស ស្រលាញ់ធម្មជាតិ ភ្ជាប់ជាមួយការលើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្ម គឺជាប្រធានបទស្នូលដែលនឹងត្រូវលើកយកមកពិភាក្សា។ តាមរយៈការគាំទ្រនិងចូលរួមរបស់បណ្តាញផ្សព្វផ្សាយជាតិ រួមមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), ទូរទស្សន៍ជាតិកម្ពុជា (TVK), វិទ្យុជាតិកម្ពុជា (RNK) និងដៃគូផ្សព្វផ្សាយនានា រឿងរ៉ាវពិតពីធម្មជាតិ សហគមន៍ និងគំនិតផ្ដួចផ្ដើមបៃតង កំពុងត្រូវបានផ្សព្វផ្សាយ និងចែកចាយទៅដល់សាធារណជន បានកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេសកម្ពុជា។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ «ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជន អ្នកអភិរក្ស ពលរដ្ឋសហគមន៍ អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា យុវជន និងអ្នកពាក់ព័ន្ធ ដើរតួជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរួមគ្នារៀបរាប់ប្រាប់អំពីរឿងរ៉ាវពិត ព័ត៌មានពិត អំពីកម្ពុជាទៅកាន់ពិភពលោក។ ការប្រកាន់ខ្ជាប់នូវការផ្តល់តម្លៃលើការពិត គោរពក្រមសីលធម៌ និង ការទទួលខុសត្រូវខ្ពស់មុននឹងចែករំលែក គឺជាខែលដ៏រឹងមាំក្នុងការទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ។ ការផ្សព្វផ្សាយអំពីធម្មជាតិដោយផ្អែកលើប្រភពច្បាស់លាស់ និងអង្គហេតុពិត មិនត្រឹមតែជួយកសាងទំនុកចិត្ត និងលើកស្ទួយការអភិរក្ស វិស័យទេសចរណ៍ និងការអភិវឌ្ឍសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកម្ពស់កិត្យានុភាព ជាតិនៅលើឆាកអន្តរជាតិទៀតផង។ យើងត្រូវរួមគ្នាធ្វើសកម្មភាពវិជ្ជមាន ដើម្បី
ធម្មជាតិ និងដើម្បីបុព្វហេតុជាតិ និងការអភិវឌ្ឍ។»

នៅថ្ងៃទី១ នៃកម្មវិធី តំណាងស្ថាប័នរដ្ឋ អង្គការអភិរក្ស អ្នកសារព័ត៌មាន និងយុវជន នឹងចូលរួមពិភាក្សាអំពីតួនាទី
នៃការផ្សព្វផ្សាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយទំនួលខុសត្រូវ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការ
ការពារសត្វព្រៃ និងប្រភេទសត្វជិតផុតពូជ។ កិច្ចពិភាក្សានេះនឹងឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាក់ស្តែង និងស្វែងរក
មធ្យោបាយដែលស្ថាប័ន និងបុគ្គលម្នាក់ៗអាចរួមចំណែកកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់បទល្មើសសត្វព្រៃ
និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា។

ស្ថាប័នសហរៀបចំកម្មវិធី «អច្ឆរិយធម្មជាតិនៃកម្ពុជា»  រួមមាន៖ អង្គការអភិរក្សអន្តរជាតិ(CI) អង្គការសមាគមអភិរក្ស សត្វព្រៃ WCS  អង្គការ Wild Earth Allies គម្រោងWonders of the Mekong ក្រុមហ៊ុនIBIS Rice និង Sam Veasna Conservation Stays ព្រមទាំង  អង្គការWWF អង្គការNatureLife  អង្គការFauna & Flora អង្គការWWT និង អង្គការIUCN ដោយសហការជាមួយស្ថាប័នរដ្ឋ វិស័យឯកជន ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី  Siempang Forest Lodge; Cardamom Tented Camp និងCanvas & Orchids Retreat  ដៃគូផ្សព្វផ្សាយ គ្រឹះស្ថានអប់រំ ក្រុមយុវជន និងសហគមន៍ទាំងអស់ ដែលបានរួមចំណែករៀបចំព្រឹត្តិការណ៍នេះ។ ក្រុមអ្នករៀបចំមានគោលបំណងធ្វើឱ្យចំណេះដឹងអភិរក្សងាយយល់ និងងាយចូលដល់ ព្រមទាំងបង្កើតឱកាសសហការដែលបន្តហួសពីព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ។

លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា តំណាងគណៈកម្មការរៀបចំកម្មវិធី មានប្រសាសន៍ថា៖ «កម្មវិធីអច្ឆរិយធម្មជាតិនៃកម្ពុជា បាននាំយករឿងរ៉ាវ និងគំនិតផ្តួចផ្តើមស្តីពីការអភិរក្សធម្មជាតិនៅ
កម្ពុជា ពីភាគីពាក់ព័ន្ធក្នុងវិស័យនានាមកកាន់វេទិកាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន បានចូលរួមស្វែងយល់និងឃើញពីតួនាទីរបស់ខ្លួនក្នុងការថែរក្សាធម្មជាតិ។ ក្នុងនាមជាស្ថាប័នអភិរក្សដែលផ្អែកលើវិទ្យាសាស្ត្រ យើងមានទំនួលខុសត្រូវក្នុងការចែករំលែកចំណេះដឹង និងភស្តុតាងវិទ្យាសាស្ត្រឱ្យងាយយល់ ព្រមទាំងដើរតួនាទីជាស្ពានតភ្ជាប់ដៃគូ កៀរគរធនធាននិងជំរុញកិច្ចសហការ ដើម្បីឱ្យមនុស្សនិងធម្មជាតិអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។»

យុវជនក៏មានតួនាទីក្នុងការរៀបចំ សម្របសម្រួលអ្នកចូលរួម និងផ្សព្វផ្សាយយុទ្ធនាការនេះដែរ។ សម្រាប់អ្នកស្ម័គ្រចិត្ត ការចូលរួមនេះជាឱកាសរៀនសូត្រពីអ្នកជំនាញ និងសាកល្បងយកចំណេះដឹងទៅប្រើប្រាស់ក្នុងសកម្មភាពជាក់ស្តែង។

កញ្ញា ហាក់ សុជាតា យុវជនស្ម័គ្រចិត្តក្នុងកម្មវិធីនេះ បានលើកឡើងថា៖ «ខ្ញុំជឿថា យុវជនមានចំណែកសំខាន់ណាស់ក្នុងការថែរក្សាធម្មជាតិ។ ការចូលរួមជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីនេះ បានផ្តល់ឱកាសឱ្យខ្ញុំរៀនសូត្រច្រើនពីអ្នកអភិរក្ស និងយល់កាន់តែច្បាស់ពីទំនាក់ទំនងរវាងធម្មជាតិ និងជីវិតរបស់យើង។ ទោះបីខ្ញុំរស់នៅទីក្រុងក៏ដោយ ការប្រែប្រួលអាកាសធាតុ និងការបាត់បង់ធនធានធម្មជាតិ មិនមែនជារឿងឆ្ងាយពីខ្ញុំឡើយ។ ធម្មជាតិជួយការពារ និងទ្រទ្រង់ជីវិតរបស់យើងរាល់ថ្ងៃ ហើយយើងក៏មានចំណែកក្នុងការថែរក្សាធម្មជាតិវិញដែរ។ ខ្ញុំចង់ឃើញយុវជនកាន់តែច្រើនមកចូលរួម ស្វែងយល់ និងរកឃើញថា ខ្លួនអាចធ្វើអ្វីបានខ្លះដើម្បីធម្មជាតិ។ យើងអាចចាប់ផ្តើមពីអ្វីដែលយើងធ្វើបាន ព្រោះសកម្មភាពរបស់យើងម្នាក់ៗ ទោះតូចឬធំ សុទ្ធតែអាចរួមចំណែកបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន»។

គួរជ្រាបផងដែរថា កម្មវិធី «អច្ឆរិយធម្មជាតិនៃកម្ពុជា» ត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ២០២៦នេះ ដោយមានកិច្ចសហការរវាងអង្គការអភិរក្ស វិស័យឯកជន សហគមន៍ និងយុវជន និងមានគាំទ្ររាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងអបអរសាទរបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា តាមរយៈសកម្មភាពអប់រំ
បទពិសោធដែលអ្នកចូលរួមអាចស្វែងយល់ និងអនុវត្តដោយផ្ទាល់ ព្រមទាំងការចូលរួមរបស់សហគមន៍។

 

ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម

អ្នកស្រី  រ៉ាវី សុភារ័ត្ន

ប្រធានផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយ នៃអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា

សារអេឡិចត្រូនិច៖ Sravy@conservation.org  លេខទូរស័ព្ទ៖ +85570409276

សូមស្កេនQR code សម្រាប់ការផ្សព្វផ្សាយនានាអំពីកម្មវិធី