អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ដែលហៅកាត់ថាAHF បានធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាល អង្គការជាតិនិងអន្តរជាតិពង្រឹងការប្តេជ្ញាចិត្តឡើងវិញដើម្បីឆ្លើយតបនឹងមេរោគអេដស៍ខណៈជំងឺនេះនៅមិនទាន់បញ្ចប់នៅឡើយ។

ការអំពាវនាវនេះបានធ្វើឡើងក្នុងសន្និសិទ្ធសារព័ត៌មានសម្រាប់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី២៦វិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទសារព័ត៌មានស្តីពីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ បញ្ចប់ជំងឺអេដស៍ ចាប់ផ្តើមពីការទទួលបាន។ ចូលរួមក្នុងកម្មវិធីនេះរួមមាន បណ្តាញទូរទស្សន៍និងសារព័ត៌មានចំនួន១៧ អង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះនិងបណ្តាញសហគមន៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។

លោកវេជ្ជបណ្ឌិត  ចន ផាន់ណា  ប្រធានគ្រប់គ្រងកម្មវិធី ប្រចាំកម្ពុជាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានមានប្រសាសន៍ថាការរៀបចំសន្និសីទសារព័ត៍មាននេះធ្វើឡើងក្នុងគោលបំណង បង្ហាញ សញ្ញាអាសន្នដាស់តឿនថា  បញ្ហាជំងឺអេដស៍ មិនទាន់បញ្ចប់នៅឡើយទេ។ដូចនេះសូមអំពាវនាវដល់រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងថ្នាក់ដឹកនាំនានា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ឱ្យពង្រឹងការប្តេជ្ញាចិត្តឡើងវិញក្នុងការឆ្លើយតបនឹងមេរោគអេដស៍។

លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ការឆ្លើយតបចំពោះមេរោគអេដស៍នៅកម្ពុជា មិនគួរគ្រាន់តែផ្តោតលើការពង្រីកវិសាលភាពនៃការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាផងដែរថា អ្នកដែលរស់នៅជាមួយមេរោគនេះអាចរក្សាសុខភាពបានល្អ ទទួលបានសេវាផ្សេងៗដោយគ្មានការរើសអើង ព្រមទាំងអាចបន្តការសិក្សា និងការងាររបស់ពួកគេបានដែលជាជីវិតប្រចាំថ្ងៃ ។

លោកបានបន្ថែមថាក្នុងពេលដែលការឆ្លងមេរោគថ្មីនៅតែបន្តកើតមានក្នុងចំណោមយុវជន ហើយការផ្តល់មូលនិធិ ពីខាងក្រៅកំពុងជួបការលំបាកនោះ បញ្ហាប្រឈមសំខាន់គឺត្រូវធានាថា វឌ្ឍនភាពនៃការព្យាបាល ត្រូវតែស្រមទៅដោយការវិនិយោគប្រកបដោយនិរន្តរភាពលើការងារបង្ការ ការធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា និងការគាំទ្រពីសហគមន៍។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ក៏បានបញ្ជាក់ បន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងសម្រេចបាននូវគោលដៅកាត់បន្ថយករណីឆ្លងថ្មីប្រចាំឆ្នាំឱ្យនៅក្រោម ២៥០ ករណីត្រឹមឆ្នាំ ២០៣០ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធចាំបាច់ត្រូវបង្កើនថវិកាជាតិដើម្បីជំនួសជំនួយអន្តរជាតិដែលកំពុងថយចុះ។បញ្ចូលសេវាថែទាំមេរោគអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈទូទៅនិងបន្តគាំទ្រសកម្មភាពផ្សព្វផ្សាយដែលដឹកនាំដោយសហគមន៍ ដើម្បីលុបបំបាត់ការមាក់ងាយ និងការរើសអើង។

លោក ជួប សុខចំរើន ប្រធានក្រុមប្រឹក្សាភិបាលHACC ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងក្នុងគ្រួសារ បុគ្គលនិងសហគមន៍កុំនៅស្ងៀមត្រូវនាំគ្នានិយាយពីជំងឺអេដស៍ព្រោះថាជំងឺអេដស៍នៅមិនទាន់ចប់នៅឡើយទេនិងជំរុញឱ្យអ្នកសង្ស័យថាមានមេរោគអេដស៍ត្រូវក្លាហានចេញទៅធ្វើតេស្តរកមេរោគអដស៍ពិសេសអ្នកសង្ស័យថាមានឆ្លងលាក់មុខមិនទាន់បានទៅធ្វើតេស្តប្រមាណ៣ពាន់នាក់សូមទៅធ្វើតេស្តព្រោះនៅប្រទេសកម្ពុជាមានកន្លែងធ្វើតេស្តច្រើនណាស់ហើយរក្សាការសំងាត់ជូនបងប្អូនទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលសង្ស័យថាមានឆ្លងមេរោគអេដស៍ត្រូវរួសរាន់ទៅធ្វើតេស្តរកមេរោគអេដស៍ព្រោះថាបើរកឃើញអាចព្យាបាលបានលឿនរហ័សទប់ស្កាត់ការចម្លងទៅអ្នកដទៃខណៈអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅមានចំនួនខ្ពស់នៅឡើយដោយក្នុង១ឆ្នាំមានអ្នកឆ្លងថ្មីប្រមាណ៩៦០នាក់និងមានអ្នកស្លាប់ប្រមាណជាង១ពាន់នាក់ខណៈមានអ្នកផ្ទុកមេរោគអេដស៍សរុបប្រមាណ៧៦០០០នាក់ក្នុងនោះមានអ្នកទទួលបានឱសថប្រឆាំងនឹងមេរោគអេដស៍ប្រមាណ៧៣០០០នាក់៕