ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតស្តីទី លោក ញ៉ាន់ ប៊ុនណារិទ្ធ បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកំពតទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបចំនួន ៤១០.១៦៨នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ២.២៨៩នាក់។ ភ្ញៀវទាំងនេះបានធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទាក់ទាញនានា និងចូលរួមទស្សនាកម្មវិធីប្រណាំងទូកដែលរដ្ឋបាលខេត្តបានរៀបចំឡើងផងដែរ។
លោកប្រធានមន្ទីរស្តីទីបានបញ្ជាក់ថា ភាពទាក់ទាញរបស់ខេត្តកំពត មិនត្រឹមតែស្ថិតនៅលើសម្រស់ធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងត្រូវបានបំពេញបន្ថែមដោយសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទេសចរណ៍ថ្មីៗក្នុងទីក្រុង។ ក្នុងនោះមានឆ្នេរខ្សាច់ កំពង់ផែទេសចរណ៍ សួនច្បារដែលត្រូវបានរៀបចំ និងកែលម្អ រូបសំណាកសេះសមុទ្រ នាឡិកាយក្ស ផ្លូវថ្នល់ និងប្រព័ន្ធភ្លើងបំភ្លឺលម្អទីក្រុង ព្រមទាំងសួនទឹករាំតាមចង្វាក់ភ្លេង និងរូបសំណាកបាតដៃសុភមង្គល ដែលបានក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងថតរូបកម្សាន្ត។
ទន្ទឹមនឹងការទាក់ទាញភ្ញៀវទេសចរច្រើនកុះករ សេវាស្នាក់នៅក្នុងខេត្តក៏មានតម្រូវការខ្ពស់ផងដែរ ដោយរបាយការណ៍បញ្ជាក់ថា ការកក់បន្ទប់ស្នាក់នៅពេញ១០០ភាគរយ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា។ ចំពោះតម្លៃសេវាកម្មទេសចរណ៍ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ ដែលនេះជាចំណុចសំខាន់មួយ ក្នុងការរក្សាទំនុកចិត្តរបស់ភ្ញៀវទេសចរ និងគុណភាពនៃការផ្តល់សេវាកម្ម។
លោកក៏បានគូសបញ្ជាក់ដែរថា ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានា ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានកម្លាំងប្រដាប់អាវុធទាំង៣ជាសេនាធិការ។ ការងារសំខាន់ៗរួមមាន ការរក្សាសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការសម្រួលចរាចរណ៍នៅតាមទីតាំងដែលមានចរាចរណ៍មមាញឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការកម្សាន្តរបស់ប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរស្តីទីបានធ្វើការវាយតម្លៃថា ព្រឹត្តិការណ៍ប្រណាំងទូក និងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានបង្កើតបរិយាកាសសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តកំពតយ៉ាងច្រើនកុះករ។ លទ្ធផលនេះមិនត្រឹមតែបង្ហាញពីសក្តានុពលទេសចរណ៍របស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់គុណភាពសេវាកម្ម និងការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីបន្តពង្រឹងភាពទាក់ទាញ និងទំនុកចិត្តរបស់ភ្ញៀវទេសចរមកកាន់ខេត្តកំពតផងដែរ ពិសេសបានបង្ហាញដល់ពិភពលោក ថាកម្ពុជាបាននិងកំពុងទទួលផល ផ្លែផ្កាពីសុខសន្តិភាព ហើយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រើគ្រប់មធ្យោបាយ ដើម្បីថែរក្សាសុខសន្តិភាពប្រទេសខ្លួនបន្តទៀត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


