អគ្គនាយដ្ឋានទាំង៣ នៃក្រសួងព័ត៌មាន បានប្រជុំពង្រឹងការផលិត និងត្រួតពិនិត្យគុណភាពព័ត៌មាន ត្រៀមផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ — ក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំយន្តការផលិតមាតិកាផ្សព្វផ្សាយ និងត្រួតពិនិត្យគុណភាពព័ត៌មាន សម្រាប់ព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅសាលប្រជុំអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ក្រោមវត្តមានដឹកនាំដោយ ឯកឧត្តម ស មួយលី រួមជាមួយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន, លោកបណ្ឌិត Raoul Jennar ទីប្រឹក្សា និងជាអ្នកជំនាញប្រវត្តិសាស្ត្រ/ភាសាបារាំង ព្រមទាំងតំណាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្ថាប័នព័ត៌មានជាតិទាំងបី រួមមាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (RNK) និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

កិច្ចប្រជុំបានផ្តោតលើការអនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការច្របាច់បញ្ចូលគ្នានូវកម្លាំងជំនាញនៃស្ថាប័នទាំងបីជាធ្លុងមួយ ក្រោមយន្តការ (MOI Newsroom) ដោយបែងចែកក្រុមការងារជាក់លាក់ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពសាមគ្គីគ្នាក្នុងការផលិតមាតិកាចម្រុះភាសា (ខ្មែរ បារាំង អង់គ្លេស និងចិន)។

ទន្ទឹមនឹងនេះ អង្គប្រជុំបានកំណត់នីតិវិធីស្តង់ដារ (SOP) យ៉ាងហ្មត់ចត់លើការត្រួតពិនិត្យគុណភាពខ្លឹមសារ និងភាសាបារាំង ដោយរាល់អត្ថបទផ្សាយត្រូវឆ្លងកាត់ការពិនិត្យវេយ្យាករណ៍ និងប្រវត្តិសាស្ត្រពី ឯកឧត្តម ស មួយលី លោកបណ្ឌិត Raoul Jennar និងឯកឧត្តម ទេព អស្នារិទ្ធ ដើម្បីធានាបាននូវកម្រិតស្តង់ដារអន្តរជាតិ និងភាពស៊ីសង្វាក់គ្នានៃរូបភាពវីដេអូ។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយស្តីពីការរៀបចំកិច្ចប្រជុំកំពូល Francophonie គ្រប់ការងារផលិត ការរៀបចំអត្ថបទ រូបភាពទាំងអស់ត្រូវឆ្លងកាត់ការពិនិត្យគត់មត់លើខ្លឹមសារ និងអក្ខរាវិរុទ្ធយ៉ាងម៉ត់ចត់ ដើម្បីធានាការរំលេចសារគន្លឹះច្បាស់លាស់។

ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា៖ «ដូចគ្នានេះដែរ ការត្រួតពិនិត្យ ត្រូវផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យប្រវត្តិសាស្ត្រ កាលបរិច្ឆេទ និងតម្លៃវប្បធម៌ ការទូត ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ដោយជៀសវាងដាច់ខាតនូវការភាន់ច្រឡំ ឬការបកស្រាយខុសពីប្រភពផ្លូវការ» ។

ទន្ទឹមនឹងនេះ ការផ្ទៀងផ្ទាត់វេយ្យាករណ៍ រចនាបថល្បះ និងការប្រើប្រាស់ពាក្យពេចន៍ ត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត ដើម្បីឱ្យអត្ថបទមានលំហូរន័យរលូន ងាយយល់ និងមានទម្ងន់វិជ្ជាជីវៈ។ គ្រប់ទម្រង់នៃព័ត៌មានផ្សព្វផ្សាយទាំងអស់ ត្រូវឆ្លងកាត់ការគ្រប់គ្រងគុណភាពជាប្រព័ន្ធ មុននឹងចេញផ្សាយជាសាធារណៈ សំដៅធានាឱ្យបាននូវគុណភាពទាំងខ្លឹមសារ និងបច្ចេកទេស និងបង្កើតបានជាឥទ្ធិពលវិជ្ជមានសម្រាប់សាធារណមតិជាតិ និងអន្តរជាតិ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម អនុរដ្ឋលេខាធិការ។