ស្រីលង្កាបើកអគ្គកុងស៊ុលកិត្តិយសរបស់ខ្លួននៅកម្ពុជា ដែលជាជំហានថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានបើកដំណើរការអគ្គកុងស៊ុលកិត្តិយសរបស់ខ្លួន និងប្រកាសជាផ្លូវការតែងតាំងលោក ពីលី វង់ ជាអគ្គកុងស៊ុលកិត្តិយសរបស់ស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន គៀង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ E.A.S. Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។
ការបើកដំណើរការអគ្គកុងស៊ុលកិត្តិយសនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ មានគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ ក្រោមប្រធានបទ «ពង្រឹងចំណងមិត្តភាព រួមគ្នាឆ្ពោះទៅរកវិបុលភាព ស្រីលង្កា-កម្ពុជា»។
ក្នុងឱកាសនោះ លោក ពីលី វង់ អគ្គកុងស៊ុលកិត្តិយសស្រីលង្កាប្រចាំកម្ពុជា មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងលោកជំទាវឯកអគ្គរដ្ឋទូតស្រីលង្កា ដែលបានផ្តល់នូវទំនុកចិត្ត និងការជឿជាក់យ៉ាងមុតមាំដល់រូបលោកឱ្យបំពេញតួនាទីជាអគ្គកុងស៊ុលកិត្តិយសនៅកម្ពុជា។ លោក មានប្រសាសន៍បន្តថា កម្ពុជា-ស្រីលង្កា បានបង្កើតទំនាក់ទំនងការទូតផ្លូវការដំបូងក្នុងឆ្នាំ១៩៥២ ដោយប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើវិស័យសំខាន់ៗជាច្រើន ដូចជាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងវិស័យសាសនា ដោយអស់រយៈពេលជាច្រើនសតវត្សមកហើយ ប្រជាជននៃប្រទេសទាំងពីរបានចែករំលែកទំនាក់ទំនងនេះយ៉ាងរឹងមាំ តាមរយៈព្រះពុទ្ធសាសនា។
លោក ពីលី វង់ ប្តេជ្ញាលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ជំរុញការវិនិយោគ និងអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីធានាថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងស្រីលង្កា ក្លាយជាវិបុលភាពដែលប្រទេសទាំងពីរទទួលបានរួមគ្នា និងការជំរុញកិច្ចសន្ទនាបើកចំហ កសាងភាពជាដៃគូយុទ្ធសាស្ត្រ ដែលនឹងនាំយើងឆ្ពោះទៅកាន់អនាគតដែលពោរពេញដោយកិច្ចសហប្រតិបត្តិការឥតព្រំដែន មិត្តភាពដ៏យូរអង្វែង និងភាពជោគជ័យរួមរវាង ស្រីលង្កា-កម្ពុជា។
ឯកឧត្តម អ៊ុន គៀង បានមានប្រសាសន៍ថា ការបើកដំណើរការអគ្គកុងស៊ុលកិត្តិយសស្រីលង្កានៅកម្ពុជានាពេលនេះ គឺជាការបញ្ជាក់ឡើងវិញពីទំនាក់ទំនងការទូតដ៏រឹងមាំ និងការគាំទ្រជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបេសកកម្មថ្មីរបស់ស្រីលង្កា ដើម្បីរំលេចពីចំណងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ជាពិសេសបេតិកភណ្ឌព្រះពុទ្ធសាសនា។
ការតែងតាំងអគ្គកុងស៊ុលកិត្តិយសថ្មីនាពេលនេះ នឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងផ្តល់សេវាកុងស៊ុលចាំបាច់ដល់ពលរដ្ឋស្រីលង្កាដែលរស់នៅ ឬធ្វើដំណើរមកកម្ពុជា។ ការបើកដំណើរការអគ្គកុងស៊ុលកិត្តិយសនេះ គឺជាជំហានថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងអនាគតប្រកបដោយវិបុលភាពសម្រាប់ប្រជាពលរដ្ឋនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា និងព្រះរាជាណាចក្រកម្ពុជា៕







