ខេត្តព្រះសីហនុ ស្វាគមន៍យន្តការបរធនបាលកិច្ច សំដៅជួយការពារប្រយោជន៍ និងការកសាងទំនុកចិត្តរវាងម្ចាស់គម្រោង វិនិយោគិន អ្នកលក់-អ្នកទិញ ជាពិសេសក្នុងគម្រោងអភិវឌ្ឍអចលនវត្ថុ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សា ស្ដីពី “គម្រោងអភិវឌ្ឍខេត្តប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងយន្តការបរធនបាលកិច្ចក្នុងក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគមកកម្ពុជា” ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នាថ្ងៃទី៤ ខែសីហា ឆ្នាំ២៩២៦ នៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចពិភាក្សាបានផ្ដោតលើទិសដៅគោលនយោបាយពាក់ព័ន្ធនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គម្រោងអាទិភាព និងសក្ដានុពលទាក់ទាញការវិនិយោគនៅខេត្តកណ្ដាល និងខេត្តព្រះសីហនុ, កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងវិធានការគាំទ្រជាកញ្ចប់ ព្រមទាំងក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគនៅកម្រិតថ្នាក់ជាតិ។
ជាមួយគ្នានេះ វាគ្មិនកិត្តិយសបានចែករំលែកទស្សនៈអំពីលទ្ធភាពនៃការប្រើប្រាស់យន្តការបរធនបាលកិច្ច ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងមូលនិធិគម្រោងដោយឯករាជ្យ, ការការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ, ការបង្កើនតម្លាភាព និងគណនេយ្យភាព, ការកាត់បន្ថយហានិភ័យ និងការកសាងទំនុកចិត្តរវាងម្ចាស់គម្រោង វិនិយោគិន អ្នកទិញ និងស្ថាប័នផ្ដល់ហិរញ្ញប្បទាន ជាពិសេសក្នុងគម្រោងអភិវឌ្ឍអចលនវត្ថុ។
ជារួម កិច្ចពិភាក្សានេះ បានផ្ដល់ជាវេទិកាសម្រាប់ការផ្លាស់ប្ដូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងប្រតិបត្តិករបរធនបាលកិច្ច ក្នុងការគាំទ្រដល់ការទាក់ទាញ និងអនុវត្តគម្រោងវិនិយោគប្រកបដោយតម្លាភាព សុវត្ថិភាព ទំនុកចិត្ត និងចីរភាព។







