ស្ត្រីមិនត្រឹមតែជាអ្នកទទួលផល ពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជា ភ្នាក់ងារយ៉ាងសំខាន់ក្នុងការរួមចំណែកកសាង និងថែរក្សាសុខសន្តិភាព !

« ស្ត្រីមិនត្រឹមតែជាអ្នកទទួលផល ពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារយ៉ាងសំខាន់ក្នុងការរួមចំណែកកសាង និងថែរក្សាសុខសន្តិភាព» នេះជាការលើកឡើងរបស់លោកជំទាវ គីម សុភ័ក្ដ្រ ម៉ាង ស៉ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ   នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលេីកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្ដិភាព និងសន្ដិសុខសម្រាប់ស្ដ្រី និងគ្រួសារ” និងការប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខា សមាគមនារី ដេីម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ។

លោកជំទាវ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រធានបទខាងលើបានរំលឹកយើងថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃរបស់ស្ត្រី និងក្រុមគ្រួសារ។ ជាពិសេសការលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រី និងក្មេងស្រី និងការគាំទ្រគោល នយោបាយលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្ត្រីនៅកម្ពុជា សម្រេចបាន នូវសមិទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់។ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី ដើម្បីកសាង និងថែរក្សាសន្តិ ភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានូវសុខុមាល ភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។

លោកជំទាវ បានបន្តថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ្នាក់ងារដ៏ចាំបាច់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកសាង និងថែរក្សាសុខសន្តិភាពរាប់ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំង នៅលើឆាកអន្តរជាតិ ។ សន្តិភាព គឺជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។ ឥស្សរជននិងថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានធ្វើពលិកម្មគ្រប់ បែបយ៉ាង ដើម្បីនាំយកនូវសុខសន្តិភាពពេញ លេញបរិបូរណ៍ជូនជាតិ និងប្រជាជនកម្ពុជា ក្នុងនោះការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺជាសក្ខីភាពប្រវត្តិសាស្ត្រដែលនាំមកនូវសុខ សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តមរតកដ៏ថ្លៃថ្លានេះ សម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។

លោកជំទាវ បានបញ្ជាក់ថា ទោះបីជាត្រូវប្រឈមនឹងការលំបាក និងឧបសគ្គទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅយ៉ាងណាក្តីកម្ពុជារក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបានផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាជន។ ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងមកកម្ពុជាបានបោះ ជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ជាមួយចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តមោះ មុត ស្ថិរភាពនយោបាយ និងសន្តិសុខត្រូវបានការពារយ៉ាងរឹងមាំលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ ឈរ សេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព ជីវភាពប្រជាជន មានស្ថិរភាព កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារពគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រីគឺជាស្នូល»។  រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការបង្កលក្ខណៈអំណោយផល ដល់ស្ត្រីក្នុងការប្រើ ប្រាស់សិទ្ធិក្នុងការសម្រេចចិត្តលើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ។