សិស្សានុសិស្ស នៃវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសព្រះរាជសម្ភារ ខេត្តកំពត ទទួលបានបទពិសោធន៍ថ្មីៗ ពី «កម្មវិធីអប់រំគុណតម្លៃអូឡាំពិក»

សិស្សានុសិស្សយ៉ាងច្រើនកុះករនៅវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសព្រះរាជសម្ភារ ខេត្តកំពត បានទទួលនូវពុទ្ធិ និងបទពិសោធន៍ថ្មីៗយ៉ាងផុលផុស ជុំវិញប្រវត្តិ និងគុណតម្លៃពិតប្រាកដនៃវិស័យកីឡា តាមរយៈ «កម្មវិធីអប់រំគុណតម្លៃអូឡាំពិក» ដែលបានរៀបចំឡើង កាលពីថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោក អ៊ុន ប៉េងឡេង គ្រូអប់រំកាយ និងកីឡាប្រចាំវិទ្យាល័យព្រះរាជសម្ភារ បានសម្ដែងក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលក្រុមការងាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជ្រើសរើសយកគ្រឹះស្ថានសិក្សារបស់លោក ជាទីតាំងផ្សព្វផ្សាយកម្មវិធីដ៏មានសារៈសំខាន់នេះ។ លោកបានគូសបញ្ជាក់ថា វត្តមានរបស់វាគ្មិនជំនាញអូឡាំពិក បានជួយពង្រីកការយល់ដឹងរបស់សិស្សានុសិស្សឱ្យកាន់តែស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រកីឡា ជាពិសេសដំណើរវិវត្តនៃព្រឹត្តិការណ៍កីឡាអូឡាំពិក តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។

គ្រូជំនាញ រូបនេះ បានបន្ថែមទៀតថា៖ «កន្លងមក សាលារបស់យើងតែងតែយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំងលើសកម្មភាពលេងកីឡា។ ដូច្នេះ នៅពេលមានការបំពេញបន្ថែមពីកម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកនេះទៀត ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សនឹងយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ និងគុណតម្លៃនៃការលេងកីឡា មិនមែនត្រឹមតែដើម្បីសុខភាពប៉ុណ្ណោះទេ»។

ជាក់ស្ដែង យុវតី ហឿង សុផាណា សិស្សថ្នាក់ទី១០B ដែលបានចូលរួមក្នុងកម្មវិធីនេះ បានចែករំលែកចំណាប់អារម្មណ៍ថា កម្មវិធីនេះបានធ្វើឱ្យប្អូនយល់ដឹងកាន់តែទូលំទូលាយពីប្រវត្តិកីឡាអូឡាំពិក និងខ្លឹមសារនៃការប្រកួតកីឡានានា។ ប្អូនបានរកឃើញថា កីឡាមិនមែនជាការប្រកួតប្រជែងដើម្បីតែឈ្នះចាញ់ម្យ៉ាងនោះទេ ប៉ុន្តែវាបានបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ ជាពិសេសគឺការចេះគោរពគ្នាទៅវិញទៅមក ការមានសាមគ្គីភាព និងមិត្តភាព។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យនៅខេត្តកំពត កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបន្តដំណើរឆ្ពោះទៅកាន់បណ្ដាខេត្តគោលដៅផ្សេងៗទៀតនៅទូទាំងប្រទេស រួមទាំងគម្រោងចុះទៅផ្សព្វផ្សាយដល់ខេត្តជាប់ព្រំដែនថៃផងដែរ ដើម្បីបណ្ដុះស្មារតីស្រឡាញ់កីឡា និងគុណតម្លៃអូឡាំពិកដល់យុវជនជំនាន់ក្រោយ៕