មន្ទីរកសិកម្មខេត្តសៀមរាប សហការជាមួយវិស័យឯកជន បណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់ជីតាមបទដ្ឋានដល់កសិករ និងអាជីវករជាង ៣០០នាក់។
ខេត្តសៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុន យីតាក់ គ្រុប និងក្រុមហ៊ុន ប៊ិញ ឌៀន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ជីសញ្ញាស្លឹកមាស រៀបចំកម្មវិធីជំនួបកសិករ និងផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជីលើដំណាំ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ដោយមានវត្តមានលោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អ្នកឧកញ៉ា សុខ ឆេង អគ្គនាយករងក្រុមហ៊ុន យីតាក់ គ្រុប និងលោក ឡេ គួកហ្វុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៊ិញ ឌៀន ដោយមានការចូលរួមពីអ្នកជំនាញកសិកម្ម តំណាងចែកចាយជី-ថ្នាំកសិកម្ម និងប្រជាកសិករសរុបប្រមាណជាង ៣០០នាក់។
ថ្លែងក្នុងពិធីបើកកម្មវិធី លោក ប៉ែន ប៊ុនធឿន បានគូសបញ្ជាក់ពីសក្តានុពលវិស័យកសិកម្មក្នុងខេត្តសៀមរាប ដែលមានផ្ទៃដីដាំដុះសរុបរហូតដល់ ៣៧៣.៣១៥ ហិកតា ក្នុងនោះរួមមានផ្ទៃដីស្រូវប្រាំង និងវស្សាចំនួន ២៦៧.៧៩០ ហិកតា ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយៈពេលខ្លីចំនួន ៥.១៦៤ ហិកតា និងដំណាំអចិន្ត្រៃយ៍ ព្រមទាំងឈើហូបផ្លែសំខាន់ៗចំនួន ៣៥.៨៨២ ហិកតា។
លោកអនុប្រធានមន្ទីរបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ធាតុចូលកសិកម្មប្រកបដោយគុណភាព គឺជាកត្តាចាំបាច់ក្នុងការបង្កើនទិន្នផល ហេតុដូច្នេះអាជីវករ និងអ្នកចែកចាយទាំងអស់ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវលក្ខខណ្ឌច្បាប់ចំនួន ៦ចំណុច រួមមាន៖ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការឆ្លងកាត់វគ្គអប់រំវិជ្ជាជីវៈ និងលិខិតអនុញ្ញាតពីអង្គភាពច្រកចេញចូលតែមួយខេត្ត ឬការិយាល័យស្រុក ត្រូវគោរពបទដ្ឋានគុណភាព ការវេចខ្ចប់ ស្លាកសញ្ញាជាភាសាខ្មែរ និងមានលេខបញ្ជីកាត្រឹមត្រូវ។ ទន្ទឹមនឹងនេះ អាជីវករត្រូវបញ្ឈប់ជាដាច់ខាតនូវការនាំចូល ឬចែកចាយជី-ថ្នាំកសិកម្មដែលមានស្លាកសញ្ញាជាភាសាបរទេស បញ្ឈប់ការផ្សាយពាណិជ្ជកម្មបំភ្លើសគុណភាព ឬប្រើឃ្លាបំភាន់ថា «មិនពុល គ្មានគ្រោះថ្នាក់» ព្រមទាំងត្រូវបង្កើនការណែនាំដល់កសិករអំពីវិធានសុវត្ថិភាព និងការគ្រប់គ្រងសំណល់កសិកម្មដើម្បីការពារសុខភាព និងបរិស្ថាន។
នាឱកាសនោះដែរ អ្នកឧកញ៉ា សុខ ឆេង អគ្គនាយករងក្រុមហ៊ុន យីតាក់ គ្រុប បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្តសៀមរាប និងដៃគូពាក់ព័ន្ធដែលបានសហការបង្កើតវេទិកានេះឡើង។ អ្នកឧកញ៉ាបានលើកឡើងថា សម្រាប់ប្រជាកសិករក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងទទួលបានចំណេះដឹងថ្មីៗអំពីការជ្រើសរើសប្រភេទជី និងផលិតកម្ម បង្កើនទិន្នផល និងលើកកម្ពស់ជីវភាពកសិករ ស្របពេលដែលវិស័យកសិកម្មនៅតែជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។
ក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេស សាស្ត្រាចារ្យ ង្វៀន ខើយ ងៀ មកពីសាកលវិទ្យាល័យកឹនធើ (ប្រទេសវៀតណាម) បានធ្វើបទបង្ហាញលម្អិតអំពីបច្ចេកទេសប្រើប្រាស់ជីសញ្ញាស្លឹកមាសឱ្យសមស្របតាមតម្រូវការជីវជាតិរបស់ដំណាំ។ លោក ចៅ ស៊ីណា ប្រធានផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន ប៊ិញ ឌៀន បានណែនាំផលិតផលជីសញ្ញាស្លឹកមាសចំនួន ៨មុខ ដោយលើកយកដំណាំស្រូវជាឧទាហរណ៍ជាក់ស្តែង។ លោកបានណែនាំឱ្យកសិករប្រើប្រាស់ជីប្រភេទ NPK 20-15-6 នៅដំណាក់កាលដំបូង និងដំណាក់កាលស្រូវបែកគុម្ព និងប្រើប្រាស់ជីប្រភេទ NPK 20-3-20 + TE Plus នៅដំណាក់កាលស្រូវចាប់ផ្តើមកកើតកួរ ដោយកំណត់បរិមាណ និងពេលវេលាបាចទៅតាមស្ថានភាពដីស្រែជាក់ស្តែង។
ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនក៏បានបង្ហាញទិន្នន័យប្រៀបធៀបពីលទ្ធផលស្រែបង្ហាញចំនួន ៥ទីតាំង នៅខេត្តតាកែវ និងខេត្តព្រៃវែង ដែលបានអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ធៀបនឹងការដាំដុះតាមទម្លាប់ចាស់របស់កសិករ ដើម្បីបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីប្រសិទ្ធភាពនៃការកាត់បន្ថយការចំណាយ និងការកើនឡើងនៃប្រាក់ចំណេញសេដ្ឋកិច្ច។


