សាររបស់នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច WHO ៖ «បើមិនអាចហោះបានទេ យើងត្រូវរត់ បើមិនអាចរត់បានទេ យើងត្រូវដើរ បើនៅតែមិនអាចដើរបានទៀត យើងត្រូវប្រឹងលូន ពោលគឺយើងត្រូវតែនៅបន្តបោះជំហានទៅមុខជាប្រចាំ (Keep moving) ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន បើទោះជាជួបប្រទះបញ្ហាយ៉ាងណាក៏ដោយ»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា (Saia Ma’u Piukala) នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) បានអញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីការផ្តល់សេវាថែទាំសុខភាព នៅមណ្ឌលសុខភាពគោកចក ឋិតនៅក្នុង ខេត្តសៀមរាប នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
ទស្សនកិច្ចនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើ «ការថែទាំសុខភាពបឋម ក្នុងសហគមន៍» (Primary Health Care) ដែលជាគ្រឹះចម្បងនៃប្រព័ន្ធសុខាភិបាល សំដៅពង្រឹងការបង្ការជំងឺ ការអប់រំសុខភាព និងការពិនិត្យព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅកៀកជិតប្រជាពលរដ្ឋបំផុត។
ក្នុងឱកាសនោះ ឯកឧត្តមនាយកប្រចាំតំបន់ បានអបអរសាទរមណ្ឌលសុខភាពគោកចក ដែលទទួលបានជ័យលាភី ជា«មណ្ឌលសុខភាពគំរូ» ដែលជាផ្លែផ្កានៃភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចសហការជិតស្និទ្ធជាមួយសហគមន៍។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពង្រឹងសុខភាពសហគមន៍ ដោយផ្តោតលើការថែទាំសុខភាពបឋម និង «ការគ្របដណ្តប់សុខភាពជាសកល» (Universal Health Coverage – UHC) ដើម្បីខិតនាំសេវាឱ្យកាន់តែជិតទីលំនៅ និងកន្លែងធ្វើការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម នាយកប្រចាំតំបន់ បានគូសបញ្ជាក់ថា៖ «ការគ្របដណ្តប់សុខភាពជាសកល មានគោលការណ៍សាមញ្ញ គឺប្រជាពលរដ្ឋរស់នៅទីណា សេវាសុខាភិបាលត្រូវតែមាននៅទីនោះ។ ក្នុងនាមជាមន្ត្រីសុខាភិបាល យើងអាចញញឹមដោយមោទនភាពនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ដោយសារយើងបានសង្គ្រោះ និងលើកកម្ពស់គុណភាពជីវិតប្រជាជន។ ជោគជ័យនៃវិស័យសុខាភិបាល មិនមែនវាស់វែងត្រឹមក្នុងមន្ទីរពេទ្យឡើយ ប៉ុន្តែគឺវាស់លើសុខុមាលភាពជាក់ស្តែងក្នុងសហគមន៍»។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្ថែមថា៖ «បន្ទាប់ពីបានជួបពិភាក្សានៅការិយាល័យកណ្តាល និងក្នុងកិច្ចប្រជុំថ្នាក់តំបន់ យើងពិតជាមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ ឯកឧត្តមនាយកប្រចាំតំបន់ (Regional Director) ចុះមកសហគមន៍ផ្ទាល់នៅកម្ពុជា។ ជំនួបនៅកម្រិតមូលដ្ឋាននេះ គឺបានស្តែងចេញនូវសកម្មភាពជាក់ស្តែង ក្នុងការប្រែក្លាយគោលនយោបាយឱ្យទៅជាលទ្ធផលពិតប្រាកដ»។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីទិដ្ឋភាពជាក់ស្តែងនៃស្ត្រីមានផ្ទៃពោះម្នាក់ដែលមកទទួលសេវា ដែលបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំលើសេវាសុខាភិបាលនៅជិតផ្ទះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីសុខាភិបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើសេវាជូនប្រជាពលរដ្ឋដោយបេះដូង និងវិជ្ជាជីវៈខ្ពស់។
បន្ទាប់ពីចុះទស្សនកិច្ចនៅ មណ្ឌលសុខភាព គោកចក សៀមរាប, ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Ma`u Piukala) នាយក អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាល្ងាចថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជេីញធ្វើទស្សនកិច្ចវប្បធម៌ និងប្រវត្តិសាស្រ្តនៅប្រាសាទនាគព័ន្ធ (Neak Péan Temple) ដែលតំណាងឱ្យផ្នែកដ៏ចំបងមួយនៃភាពចម្រើនរុងរឿងលើវិស័យសុខាភិបាលនាសម័យនោះ (កសាងចុងសតវត្សទី១២) ដោយបានបញ្ចូលគ្នារវាងវេជ្ជសាស្ត្រធម្មជាតិ (ឱសថបុរាណ) គំហើញវិទ្យាសាស្ត្រ និងជំនឿសាសនាដ៏សុីជម្រៅដែលមានលក្ខណៈសាកល (Spiritual cure, the cosmic balance of water and healing, via Unity and Purification of the mind) ដើម្បីថែទាំសុខុមាលភាពរបស់ប្រជាពលរដ្ឋ នាសម័យនោះ៕






