សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលខេត្ត រួមទាំងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងគណៈកម្មាធិការសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជូនក្មួយៗកុមារា កុមារី ចំនួន ៥៧នាក់ ដែលមានជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានដឹងឮ និងមិនបានទទួលការជួយឧបត្ថម្ភនោះឡើយ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល ជាពិសេស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម យប់ថ្ងៃ ក្នុងការជួយសង្គ្រោះ និងថែទាំអ្នកជំងឺ។ ឯកឧត្តម បានផ្តល់ការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យឱ្យបន្តខិតខំយកចិត្តទុកដាក់ បញ្ចេញអស់កម្លាំងកាយចិត្ត និងជំនាញវិជ្ជាជីវៈ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋ និងក្មួយៗកុមារតូចៗឱ្យបានជាសះស្បើយឆាប់រហ័ស និងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

ជាមួយគ្នានេះ ឯកឧត្តម បានផ្តាំផ្ញើដល់អាណាព្យាបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម នាដូវវស្សានេះ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅស្អាត ផឹកស្អាត និងលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលា។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់អ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត សរុបចំនួន ៥៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់, ទឹកដោះគោ ១យួរ និងថវិកាចំនួន ៨ម៉ឺនរៀល (ក្នុងនោះ ថវិកាផ្ទាល់ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ និងលោកជំទាវ ៤ម៉ឺនរៀល សាខាកាកបាទក្រហមកម្ពុជា ខេត្ត ៤ម៉ឺនរៀល) ថែមទាំង ឧបត្ថម្ភសម្ភារៈដល់មន្ទីរពេទ្យបង្អែកខេត្ត រួមមាន ប៉ាវអ៉ី (គ្រែបត់) ចំនួន ៣០គ្រឿង និងប្រេងម៉ាស៊ូតចំនួន ១,០០០លីត្រ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សរុបចំនួន ១៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕