សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក យាងជាព្រះ អធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះអគ្គាធិការរង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុ មេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានយាងជាព្រះអធិបតីក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលគ្រូពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦ -២០២៧ នៅសាលប្រជុំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
ព្រះពុទ្ធវង្ស សុខ សុភាព ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ មានសង្ឃដីកា ប្រគេន ទូលថ្វាយ ចម្រើនពរ ជូននូវរបាយការណ៍សង្ខេបស្តីពីវគ្គបណ្តុះបណ្តាល ថា ផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ ជាផ្នែកមួយក្នុងចំណោមផ្នែកដទៃ ទៀត នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលមានតួនាទីភារកិច្ចក្នុងការគ្រប់គ្រងនិងពង្រឹងគុណភាពអប់រំពុទ្ធិកបឋមសិក្សានិងធម្មវិន័យ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដោយផ្ទាល់ពី សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក ព្រះអគ្គាធិការរងទទួលបន្ទុកផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ។ ព្រះពុទ្ធវង្ស សុខ សុភាព មានព្រះសង្ឃដីកាបន្តថា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិបានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូកម្រិតពុទ្ធិកបឋមសិក្សាចំនួន៧លើករួចមកហើយ។ការរៀបចំវគ្គបណ្តុះបណ្តាល នេះ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងអស់របស់ផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ សំដៅអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីឱ្យការបង្រៀនកាន់តែមានភាព ច្បាស់លាស់ស្របទៅតាមនិយាមគរុកោសល្យ។ ចំពោះសិក្ខាកាមដែលបាននិមន្តនិងអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានចំនួន៦០រូប មកពីបណ្តារាជធានី-ខេត្ត ទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សានេះមានរយៈពេល៣ថ្ងៃ គឺថ្ងៃចន្ទ-អង្គារ-ពុធ ៧-៨-៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦-៧-៨ ខែកក្កដា ឆ្នាំ២០២៦ ផ្នែកជំនាញ បាននិមន្តនិងអញ្ជើញគ្រូឧទ្ទេស៤រូបដែលនឹងត្រូវធ្វើបទបង្ហាញលើមុខវិជ្ជាដូចខាងក្រោម៖ ១. វិធីសាស្ត្របង្រៀនពុទ្ធសាសនា ២. វិធីសាស្ត្របង្រៀនភាសាខ្មែរ
៣. វិធីសាស្ត្របង្រៀនភាសាបាលី និង៤. វិធីសាស្ត្របង្រៀនគណិតវិទ្យា។
សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក មានព្រះបន្ទូលថា គោលបំណងនៃការបើកវគ្គនេះ គឺជាការអភិវឌ្ឍបន្ថែមនូវ សមត្ថភាពនៃការបង្រៀនឱ្យកាន់តែមានភាពច្បាស់លាស់ស្របទៅតាមនិយាមគរុកោសល្យ ។ ការបណ្តុះបណ្តាលនេះ នឹងផ្តល់ជូននូវជំនាញ បទពិសោធថ្មីៗ និងវិធីសាស្ត្របង្រៀន ដល់គ្រូពុទ្ធិកបឋមសិក្សា ដើម្បីឱ្យការផ្ទេរចំណេះដឹង ដល់ សមណសិស្ស សិស្ស កាន់តែមានប្រសិទ្ធភាព ជាពិសេសដើម្បីធានាបាននូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀនប្រកបដោយសេចក្តីថ្លៃថ្នូរ ។ ជាការពិតណាស់ ពុទ្ធិកសិក្សាជាឆ្អឹងខ្នង នៃព្រះពុទ្ធសាសនា កម្ពុជរដ្ឋយើងមានពុទ្ធិកសិក្សា ឈ្មោះថាព្រះពុទ្ធសាសនានឹងឋិតនៅរឹងមាំបាន។ ដូច្នេះការអភិវឌ្ឍធនធានមនុស្ស ជាកត្តាអាទិភាពទី១ សម្រាប់យើងទាំងអស់គ្នា។
សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត មានព្រះសង្ឃដីកាបញ្ជាក់ថាផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ គឺជាផ្នែកមួយរបស់អគ្គាធិ ការដ្ឋានពុទ្ធិកសិក្សាជាតិ មានតួនាទី ភារកិច្ច ពង្រឹងនិងអភិវឌ្ឍវិស័យពុទ្ធិកសិក្សាក្នុងកម្រិតពុទ្ធិកបឋមសិក្សាឱ្យមាននិរន្តរភាព ។ តែកម្រិតនេះ ជាកម្រិតមូលដ្ឋានដំបូងរបស់ពុទ្ធិកសិក្សាដែលមានភាពលំបាកនិងស្មុគស្មាញមួយចំនួនដូចជា ៖ ១.សមណសិស្ស សិស្ស មានកម្រិតចំណេះដឹង និងសមត្ថភាពខុសៗគ្នា
២.ទម្លាប់នៃការរៀននៅមូលដ្ឋាននីមួយៗអនុវត្តតាមប្រពៃណី
៣.សម្ភារៈសិក្សាមិនទាន់គ្រប់គ្រាន់ ៤.ការយកចិត្តទុកដាក់ពីគណៈគ្រប់គ្រងនៅមានកម្រិត ៥.អគារសិក្សានៅមានកម្រិត
និង៦.គ្រូនិងបច្ចេកទេសបង្រៀននៅមានកម្រិត។ កត្តាទាំងនេះ អាចជាឧបសគ្គសម្រាប់ការអភិវឌ្ឍក្នុងកម្រិតពុទ្ធិកបឋមសិក្សាផងដែរ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏សូមកោតសរសើរ និងលើកទឹកចិត្តគណៈគ្រប់គ្រង គ្រប់សាលាដោយស្មោះ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក មានព្រះបន្ទូលសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមគ្រប់រូប នឹងទទួលបាននូវចំណេះដឹង បទពិសោធថ្មីៗ ព្រមទាំងវិធីសាស្ត្របង្រៀនល្អៗ ពីគ្រូឧទ្ទេសតាមមុខវិជ្ជា នីមួយៗ។ ម្យ៉ាងទៀតវគ្គបណ្តុះបណ្តាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ ជាពិសេសគឺបានបំពេញបន្ថែមនូវសមត្ថភាព សីលធម៌ សុជីវធម៌ របស់គ្រូបង្រៀន ឱ្យកាន់តែប្រសើរឡើង។ ដូច្នេះសិក្ខាកាមទាំងអស់ត្រូវផ្ចិតផ្ចង់ តម្រង់ស្មារតី ទទួលយកនូវចំណេះដឹង និង បទពិសោធល្អៗពីគ្រូឧទ្ទេស ដើម្បីយកទៅកែលម្អនិងអភិវឌ្ឍ សាលាពុទ្ធិកសិក្សានៅតាមមូលដ្ឋានរបស់ ខ្លួនឱ្យបានរីក ចម្រើនប្រកបដោយចីរភាពនិងវឌ្ឍនភាព៕






