នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹក បន្តចុះល្បាតពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរតាមតំបន់ឆ្នេរ ខេត្តព្រះសីហនុ
ព្រះសីហនុ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមតំបន់ ឆ្នេរនានា និងដោយអនុវត្តតាមអនុសាសន៍ដឹនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនសហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានបន្តចុះល្បាត និងឈរជើងយ៉ាងសកម្មនៅតាមគោលសំខាន់ៗ។ផ្អែកតាមសកម្មភាពជាក់ស្តែងនាពេលថ្មីៗនេះ កងកម្លាំងសមត្ថកិច្ចបានបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារស្នូលចំនួន ៣ ធំៗ រួមមាន៖
– ការការពារ និងសម្របសម្រួលផ្ទាល់នៅមាត់ឆ្នេរ ដោយសមត្ថកិច្ចបានចុះណែនាំ និងជួយសម្របសម្រួលដល់ក្រុមគ្រួសារ និងកុមារតូចៗដែលកំពុងលេងទឹកឆ្នេរខ្សាច់ សំដៅបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ និងបង្កើនភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
– ការដើរល្បាតត្រួតពិនិត្យសន្តិសុខជាប្រចាំនៅតាមបណ្តោយឆ្នេរខ្សាច់ ដែលមានប្រជាពលរដ្ឋសម្រាកកម្សាន្តលើកៅអីជ័រ និងអង្រឹង ដើម្បីទប់ស្កាត់បទល្មើសលួចឆក់ប្លន់ និងរក្សារបៀបរៀបរយ។
– ការល្បាតនៅតាមតំបន់ភោជនីយដ្ឋាន និងផ្លូវថ្មើរជើងតាមមាត់សមុទ្រ ដើម្បីធានាថាគ្មានការរំលោភបំពានចំណីផ្លូវ និងបង្កលក្ខណៈងាយស្រួលដល់អ្នកថ្មើរជើង។
សកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយហានិភ័យផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ និងភាពកក់ក្តៅបំផុតសម្រាប់គ្រប់ៗគ្នា៕
អត្ថបទ៖ ម៉ារ៉ាឌី
ប្រភព៖ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ






