សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្លមានព្រះសង្ឃដីការអំពីពិធីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់របស់ពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក
(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ប្រជាពុទ្ធិបរិស័ទ ជិតឆ្ងាយ ចំណុៈជើងវត្តលង្កាព្រះកុសុមារាម រសៀលថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ជាថ្ងៃសីល ពេញបូណ៌មី ត្រូវជា «ថ្ងៃបុណ្យវិសាខបូជា» ។ កាលរៀបចំពិធីបុណ្យនេះ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់របស់ពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក កម្មវិធីបុណ្យត្រូវបានដង្ហែរប្រទាក់សិន៣ជុំវិញព្រះវិហារ ដោយព្រៈវត្តមានសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅធិការវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញនិងមានការចូលរួមពីឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៍និងលោកជំទាវ ព្រមទាំងឯកឧត្តម. លោកជំទាវ លោក លោកស្រី ជាប្រជាពុទ្ធិស័ទយ៉ាងច្រើនកុៈករ។
រំលេចថាថ្ងៃ១៥កើត ខែពិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា តែងប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ តាមរយៈពិធីបុណ្យប្រពៃណីពុទ្ធសាសនា «វិសាខបូជា»។
សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្លមានព្រះសង្ឃដីកាថាវិសាខបូជា ដែលប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃខួបកំណើត ថ្ងៃខួបត្រាស់ដឹង និងថ្ងៃខួបចូលបរិនិពា្វន របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែពិសាខតែមួយ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្លថេរដីការបន្តថាថ្ងៃនេះដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិ បានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ដែលជាការទទួលស្គាល់ជាសកលអំពី ការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ក្នុងពិភពលោកជាងពីរពាន់ប្រាំមួយរយឆ្នាំមកនេះ ហើយនឹងកំពុងបន្តនូវការចូលរួមចំណែកលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។ ការិយាល័យអង្គការសហប្រជាជាតិ គ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សំរាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ។
សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្លក្នុងសម្តែងធម្មទេសនា នាឳកាសនោះ អ្វីដែលប្រជាពុទ្ធបរិស័ទ គួរបានទទួលផលប្រយោជន៍ ឲ្យកាន់តែពិសេសនោះ គឺការដែលប្រជាពុទ្ធបរិស័ទគប្បីយល់ឲ្យកាន់តែបានច្បាស់ថែមទៀត អំពីសារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្ត និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ឲ្យបានសមនឹងការបានអញ្ជើញទៅចូលរួមពិធីបុណ្យនៅឯវត្ត។
ការរំលឹកដល់ថ្ងៃវិសាខបូជា គួរតែជាការសួរដើម្បីរកចម្លើយថា «តើថ្ងៃខួបកំណើតរបស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើថ្ងៃខួបការត្រាស់ដឹង របស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើថ្ងៃខួបបរិនិព្វាន (មរណភាព) របស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើយើងនឹងបានប្រយោជន៍ពីការរំលឹកនេះម្តេចខ្លះ សម្រាប់យកមកផ្ទះវិញ?»
ពួកយើងតែងគិតថា វិសាខបូជាមានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយការបូជាក៏មានមួយឆ្នាំតែម្តងដែរ។ តាមការពិត ព្រះពុទ្ធអង្គលោកបានត្រាស់ថា ការបូជាដែលល្អជាទីបំផុត ការបូជាដ៏ឧត្តមនោះ គឺការយកព្រះធម៌មកបដិបត្តតាម ហើយជាការបូជាដោយពុំចាំបាច់ចំណាយទ្រព្យសម្បត្តិឡើយ។វិសាខបូជា មានរាល់ថ្ងៃ៖ ការរំលឹកដល់ខួបកំណើតព្រះពុទ្ធអង្គ ខួបនៃការត្រាស់ដឹង និងខួបនៃការចូលព្រះនិព្វាន របស់ព្រះពុទ្ធអង្គ ក៏គួរមានរាល់ថ្ងៃដែរ។ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំសុំយកព្រះពុទ្ធជាទីសរណៈ ជាទីនឹករលឹក ជាពាក្យដែលយើងតែងសូត្រ គឺយើងត្រូវយកជាទីពឹងរាល់ថ្ងៃ ថ្វីត្បិតយើងត្រូវថាតាមព្រះសង្ឃតែ៣ដងក្តី។
នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក្នុងឋានៈជាពុទ្ធសាសនិក យើងត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឲ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឲ្យបានជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឲ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឲ្យបានទូលំទូលាយតរៀងទៅ៕



