នាវាទេសចរណ៍ “Seven Seas Navigator” នាំភ្ញៀវអន្តរជាតិ ប្រមាណ៤១៣នាក់ ចូលចតនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍លំដាប់ពិភពលោកឈ្មោះ Seven Seas Navigator សញ្ជាតិ Bahamas បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តក្រុងព្រះសីនុ។
ទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូប។ ដើម្បីបង្ហាញពីអត្តសញ្ញាណ បដិសណ្ឋារកិច្ចខ្មែរដ៍ល្អផូរផង់ និងផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ភ្ញៀវទេសចរម្នាក់ៗទទួលបាន «ក្រមាខ្មែរ» ដែលជាអត្តសញ្ញាសម្គាល់វប្បធម៌ជាតិ ការសម្តែង «របាំជូនពរ» ដើម្បីជាកិច្ចស្វាគមន៍ និងប្រសិទ្ធពរជ័យដល់ភ្ញៀវដែលមកកម្សាន្ត ក្នុងទឹកដីនៃតំបន់ឆ្នេរ នាខេត្តព្រះសីហនុ តារារះនាទិសនិរតី។
ចំនួនភ្ញៀវទេសចរ សរុប ៤១៣ នាក់ (ស្រី ២១៣ នាក់) មាន ២៤ សញ្ជាតិ។ ក្នុងនោះ ភ្ញៀវសញ្ជាតិ អាមេរិក មានចំនួនច្រើនជាងគេ រហូតដល់ ២៦២ នាក់។ ក្រុមនាវិក មានចំនួន ៣៧២ នាក់ (ស្រី ៨០ នាក់) មាន ៣៩ សញ្ជាតិ។
នាវាមានប្រវែងបណ្តោយ ១៧២.៥៣ ម៉ែត្រ ទទឹង ២៤.៨ ម៉ែត្រ និងជម្រៅទឹក ៧ ម៉ែត្រ ធ្វើដំណើរមកពីប្រទេសវៀតណាមនៅថ្ងៃទី៣០ មេសា ឆ្នាំ ២០២៦ វេលាម៉ោង ៧.០០ នាទីព្រឹក និងគ្រោងបន្តដំណើរទៅកាន់ប្រទេសថៃនៅថ្ងៃទី ៣០ មេសា ឆ្នាំ ២០២៦ វេលាម៉ោង៤ រសៀល។
នេះជានាវាទេសចរណ៍ទី១៦ហើយដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេលត្រឹមតែ ៤ខែដើមឆ្នាំ ២០២៦ នេះ។ ក្នុងអំឡុងពេលកម្សាន្តនៅកម្ពុជា ភ្ញៀវទេសចរ បានធ្វើដំណើរកម្សាន្ត តាមបណ្តាឆ្នេរសមុទ្រ ដើម្បីផ្សព្វផ្សាយរូបភាពសក្តានុពល ពីកម្ពុជាទៅកាន់ពិភពលោកផងដែរ។

អត្ថបទ៖ ស្រីភួង


