សមាគម CACE ដឹកនាំប្រតិភូអប់រំកម្ពុជា ៤៤ រូប ចូលរួមសិក្ខាសាលាគ្រូបង្រៀនគណិតវិទ្យា នៅសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន ប្រទេសចិន
ខេត្តគួយចូវ, ប្រទេសចិន៖ លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន (CACE) និងសាលាស្ទេបហ្វរវើដអន្តរជាតិ បានដឹកនាំប្រតិភូអប់រំកម្ពុជាចំនួន ៤៤ រូប មកពី ១៣ ស្ថាប័នអប់រំ ចូលរួមក្នុងពិធីបើក “សិក្ខាសាលាសម្រាប់គ្រូបង្រៀនគណិតវិទ្យា” (Math Teachers Workshop) នៅសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន (Qiannan Normal University for Nationalities) នាខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីសិក្ខាសាលានេះមានរយៈពេល ៨ ថ្ងៃ (ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា) ដោយទទួលបានការស្វាគមន៍ និងការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ចូវ ជាំង នាយកសាលាស្ទេបហ្វវើដ ដែលជាបុគ្គលគន្លឹះ និងជាស្ពានភ្ជាប់ទំនាក់ទំនងយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងជ្រោមជ្រែងឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះលេចចេញជារូបរាងឡើង។
នៅក្នុងឱកាសថ្លែងសុន្ទរកថានាពិធីបើក លោកបណ្ឌិត សរ រិទ្ធី បានគូសបញ្ជាក់ថា មុខវិជ្ជាគណិតវិទ្យា និងការអប់រំ STEM គឺជាគ្រឹះយ៉ាងរឹងមាំក្នុងការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅក្នុងយុគសម័យឌីជីថល។ ការដំឡើងសមត្ថភាពគ្រូបង្រៀន គឺជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ព្រោះចំណេះដឹង និងវិធីសាស្ត្របង្រៀនថ្មីៗដែលទទួលបានពីសិក្ខាសាលានេះ នឹងត្រូវយកទៅចែករំលែក និងបណ្តុះបណ្តាលបន្តដល់សិស្សានុសិស្សរាប់ពាន់រាប់ម៉ឺននាក់នៅកម្ពុជា។
បន្ថែមពីនេះ ប្រតិភូអប់រំកម្ពុជាទាំងអស់ក៏នឹងធ្វើខ្លួនជា “ទូតអប់រំ និងវប្បធម៌” ដើម្បីពង្រឹងមិត្តភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជា និងចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
ក្នុងនាមប្រធានសមាគម CACE លោកបណ្ឌិត សរ រិទ្ធី បានស្នើសុំបន្ថែមចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន លើចំណុចសំខាន់ៗចំនួន ៣ រួមមាន៖
ពង្រីកកម្មវិធីបណ្តុះបណ្តាល និងអាហារូបករណ៍៖ បន្តផ្តល់ឱកាសអាហារូបករណ៍ និងវគ្គសិក្ខាសាលារយៈពេលខ្លី-វែង ដល់គ្រូបង្រៀន និងសិស្ស-និស្សិតកម្ពុជាលើមុខវិជ្ជា STEM គណិតវិទ្យា បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។
បង្កើតកម្មវិធីសាលាសម្ព័ន្ធមិត្ត (Sister Schools)៖ សម្របសម្រួលបង្កើតកិច្ចសហប្រតិបត្តិការផ្ទាល់រវាងគ្រឹះស្ថានអប់រំនៅកម្ពុជា និងសាកលវិទ្យាល័យឈានណាន ដើម្បីផ្លាស់ប្តូរគ្រូបង្រៀន និងសិស្សទៅវិញទៅមក។
ការគាំទ្រផ្នែកសម្ភារ និងបច្ចេកវិទ្យាអប់រំ៖ ចែករំលែកសៀវភៅ ឧបករណ៍បង្រៀន និងបច្ចេកវិទ្យាឌីជីថលទំនើបៗ សម្រាប់យកទៅអនុវត្តផ្ទាល់នៅតាមសាលារៀនក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិតបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់សមាគម CACE ក្នុងការធ្វើជាស្ពានចម្លង និងជាដៃគូដ៏រឹងមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការអប់រំរវាងកម្ពុជា និងចិន។ លោកជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះគឺជា “ការកសាងគ្រឹះនៃអនាគត” សម្រាប់វិស័យអប់រំផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រនៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងស្តង់ដារតំបន់ និងអន្តរជាតិ។






