សង្រ្គាមនាំមកនូវក្តីវិនាស បែកបាក់គ្រួសារ សូម្បីតែសពក៏រកមិនឃើញ! ស្ត្រីម្នាក់បានបន្តស្វែងរកសមាជិកគ្រួសារដែលបាត់ខ្លួននៅ Gaza អស់រយៈពេលជិត៣ឆ្នាំមកហើយ
សម្រាប់នាង Haneen Al-Khodari ការស្វែងរកសមាជិកគ្រួសាររបស់នាងបានអូសបន្លាយពេលជិត ៣ ឆ្នាំមកហើយ។ កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ផ្ទះមួយកន្លែងដែលជាជម្រករបស់សមាជិកគ្រួសាររបស់នាងចំនួន១៧ នាក់ ត្រូវបានគេទម្លាក់គ្រាប់បែកចំ បណ្តាលឱ្យផ្ទះនោះបាក់បែក និងកប់នៅក្រោមគំនរបាក់បែក។ នាងបាននិយាយថា ពួកគេបានភៀសខ្លួនចេញពីសង្កាត់ Rimal ក្នុងទីក្រុង Gaza ដើម្បីទៅស្នាក់នៅជាមួយសាច់ញាតិនៅភាគខាងកើតទីក្រុង ជាជាងធ្វើដំណើរទៅកាន់ភាគខាងត្បូង។ ពួកគេបានស្នាក់នៅទីនោះប្រហែលមួយសប្តាហ៍អំឡុងពេលមានបទឈប់បាញ់ និងនៅពេលដែលផ្ទះនោះត្រូវបានវាយប្រហារនៅវេលាម៉ោងប្រហែល ៦ ព្រឹក ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងដេកលង់លក់។ នាង Al-Khodari ដែលមានអាយុ ២៥ ឆ្នាំ កំពុងរៀបចំដបទឹកដោះគោឱ្យក្មួយប្រុសរបស់នាង នៅពេលដែលមានការវាយប្រហារបានកើតឡើង។ គេបានរកឃើញនាងជាប់នឹងដើមឈើមួយដើមក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ។ លុះដល់៣៥ ថ្ងៃក្រោយមក បន្ទាប់ពីនាងបានជាសះស្បើយពីរបួស ទើបនាងបានដឹងថាគ្រួសាររបស់នាងត្រូវស្លាប់ភាគច្រើន។ ក្នុងចំណោមអ្នកដែលបានស្លាប់នោះមានឪពុកនិងម្តាយរបស់នាង បងប្អូនប្រុសចំនួន៤នាក់ រួមទាំងប្រពន្ធនិងកូនៗរបស់ពួកគេ បងប្អូនស្រីម្នាក់ ពូម្នាក់ និងបងប្អូនជីដូនមួយម្នាក់។ នាងបាននិយាយថាដំណឹងពីគ្រួសារនាង អាចនឹងក្តីសង្ឃឹម ក្រោមកិច្ចខិតខំប្រឹងប្រែងថ្មីក្នុងការស្វែងរកនៅទីតាំងនោះ នឹងអាចផ្តល់ចម្លើយខ្លះៗដល់នាងបាន។ នាង Al-Khodari បាននិយាយថា៖ យើងបានរង់ចាំពេលវេលានេះអស់រយៈពេល៣ឆ្នាំមកហើយ។ ជាអកុសល បន្ទាប់ពីការស្វែងរកនៅក្នុងផ្ទះអស់រយៈពេល ៨ ម៉ោង កងការពារស៊ីវិលបានរកឃើញត្រឹមតែឆ្អឹងពីរដុំ និងក្មេងតូចម្នាក់ប៉ុណ្ណោះ។ នាងបានបន្ថែមថា៖ ការឈឺចាប់នៅតែបន្ត។ ប្រហែលជាខ្ញុំនឹងទទួលបានភាពស្ងប់ស្ងាត់ខ្លះនៅពេលដែលខ្ញុំបានរៀបចំពិធីបញ្ចុះសពពួកគេ ប៉ុន្តែនៅពេលនេះ ផ្លូវចិត្តរបស់ខ្ញុំ វាពិតជាឈឺចាប់ខ្លាំងណាស់។ សង្គ្រាមរយៈពេល ៣ឆ្នាំបានបន្សល់ទុកមនុស្សជាច្រើននាក់ឱ្យបាត់ខ្លួននៅក្នុងតំបន់ Gaza ដោយអ្នកខ្លះត្រូវគេជឿថាស្ថិតនៅក្រោមគំនរបាក់បែកនៃផ្ទះសម្បែងដែលត្រូវបំផ្លាញ ហើយអ្នកខ្លះទៀតមិនដឹងថាពួកគេនៅទីណានោះឡើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


