នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu បញ្ជាឱ្យត្រួតពិនិត្យឡើងវិញនូវវិធានការសុវត្ថិភាពឱ្យបានតឹងរឹងបំផុតសម្រាប់ជើងហោះហើរពីបរទេស ក្រោយមានបញ្ហាលើយន្តហោ Flydubai

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យនេះថា៖ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យមានការត្រួតពិនិត្យឡើងវិញទ្រង់ទ្រាយធំលើវិធានការសុវត្ថិភាពសម្រាប់ជើងហោះហើរដឹកអ្នកដំណើរពីបរទេសមកកាន់ប្រទេសអ៊ីស្រាអែល។ ការបញ្ជានេះធ្វើឡើងបន្ទាប់ពីមានហេតុការណ៍វាយប្រហារប្លន់យន្តហោះ ទម្លាក់សម្លាប់មនុស្សមួយកាលពីសប្តាហ៍មុន នៅលើលើយន្តហោះរបស់ក្រុមហ៊ុន Flydubai ដែលបានហោះហើរពីទីក្រុង Dubai ទៅកាន់ទីក្រុង Tel Aviv។ ការិយាល័យដដែលបានឱ្យដឹងថា លោក Netanyahu បានណែនាំដល់ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Shmuel Ben-Ezra ឱ្យតែងតាំងអ្នកត្រួតពិនិត្យម្នាក់ ដើម្បីវាយតម្លៃគ្រប់ទិដ្ឋភាពនៃសុវត្ថិភាពអាកាសចរណ៍ពាក់ព័ន្ធនឹងជើងហោះហើរពីបរទេសមកកាន់ប្រទេសអ៊ីស្រាអែលទាំងអស់។ ប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 12 បានរាយការណ៍ថា៖ ការស៊ើបអង្កេតបឋមរបស់អ៊ីស្រាអែលបានរកឃើញថា ជំនួយការអ្នកបើកបរយន្តហោះនោះ ឬ (Co-pilot) ដែលបានវាយប្រហារប្រធានក្រុមអ្នកបើកបរ ឬ (captain) នៃជើងហោះហើរ Flydubai នោះ គឺបានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។ ជើងហោះហើរ FZ1073 របស់ក្រុមហ៊ុន Flydubai ដែលហោះហើរចេញពីទីក្រុង Dubai ទៅកាន់ទីក្រុង Tel Aviv បានចុះចតជាបន្ទាន់នៅទីក្រុង Tabuk ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ក្រោយពីជួបហេតុការណ៍ ចាក់សម្លាប់ប្រធានបើកបរយន្តហោះ។ អាជ្ញាធរនៃប្រទេសអារ៉ាប់រួម (UAE) បានឱ្យដឹងថា អ្នកបើកបរយន្តហោះជាជំនួយការរូបនោះក៏បានប្រើពូថៅសម្រាប់ករណីសង្គ្រោះបន្ទាន់ ដើម្បីវាយប្រហារលើប្រធានក្រុមអ្នកបើកបរក្នុងអំឡុងពេលហោះហើរ មុនពេលដែលអ្នកដំណើរ និងបុគ្គលិកយន្តហោះផ្សេងទៀតអាចគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់រូបគេបាន៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ