វេទិកាសន្ទនាក្រោមប្រធានបទ ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល សម្រាប់អង្គការសង្គមស៊ីវិលនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី ដោយមានតំណាងមកពីអង្គការសង្គមស៊ីវិល រួមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ឋក្នុងខេត្ត បានចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងក្នុងអង្គវេទិកានានេះ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. បានមានប្រសាសន៍ថា វ.ស.ស. នៅតែបន្តលើកកម្ពស់វប្បធម៌សន្ទនាក្នុងគ្រួសារនៃអង្គការសង្គមស៊ីវិល តាមរយៈការរៀបចំវេទិកាសន្ទនាដូចដែលបានរៀបចំឡើងនាពេលនេះ ក្នុងគោលបំណងថែរក្សាសុខសន្តិភាពនិងសុខដុមនីយកម្មសង្គមស៊ីវិល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់ការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល។

លោក ចាន់ រតនា អភិបាលរងខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តមណ្ឌលគិរី តែងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុត និងមិនអាចខ្វះបាន។បច្ចុប្បន្ន ខេត្តមណ្ឌលគិរីមានសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍សរុបចំនួន ១២៣។

លោកបន្តថា អង្គការសង្គមស៊ីវិលបានបំពេញបន្ថែមយ៉ាងសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត តាមរយៈសកម្មភាពគាំទ្រកិច្ចការពារសង្គម ការលើកកម្ពស់បរិស្ថាន ការអភិវឌ្ឍន៍សហគមន៍ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ការរួមចំណែកនេះមានសារៈសំខាន់ជាពិសេស ក្នុងដំណាក់កាលដែលខេត្តកំពុងបង្កើនការទាក់ទាញការវិនិយោគ។ ការទាក់ទាញវិនិយោគនេះទាមទារឱ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះតំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តមណ្ឌលគិរី ដែលបានចូលរួមក្នុងអង្គវេទិកាសន្ទនានានេះ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត និងចូលរួមលើកកម្ពស់ការកសាងសង្គមឌីជីថលនៅកម្ពុជា តាមរយៈការចូលរួមជំរុញបរិវត្តកម្មឌីជីថលក្នុងសហគមន៍៕