ល្មិច និងអណ្តើកសមុទ្រ ៤ក្បាលទៀត ត្រូវបានព្រលែងចូលផ្ទះធម្មជាតិ ក្រោមការជ្រោមជ្រែងពី អ្នកឧកញ៉ា ទៀ វិចិត្រ
ក្រុងព្រះសីហនុ៖ សកម្មភាពសង្គ្រោះ និងអភិរក្សសត្វសមុទ្រកម្រ នៅតែបន្តធ្វើឡើងយ៉ាងសកម្ម។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វអណ្តើកសមុទ្រ (ក្រាស់) ចំនួន ៣ក្បាល និងសត្វល្មិច ១ក្បាល ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ។ នេះជាការព្រលែងសត្វសមុទ្រកម្រ លើកទី១៤០ ហើយ។
លក្ខណៈពិសេសនៃរាល់ការព្រលែងសត្វសមុទ្ររបស់ អ្នកឧកញ៉ា ទៀ វិចិត្រ គឺការបំពាក់ «កឹបសៀលសម្គាល់ (Tagging)» ទៅតាមបច្ចេកទេសជាក់លាក់ មុននឹងលែងពួកវាចូលទៅក្នុងសមុទ្រ ឬព្រែកទឹកប្រៃ។
អ្នកឧកញ៉ា បានបញ្ជាក់ថា សត្វអណ្តើកសមុទ្រ និងល្មិច ដែលទទួលបានពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះឡើយ។ ការរៀបចំបំពាក់សញ្ញាសម្គាល់នេះ គឺជាគោលការណ៍អភិរក្សសត្វសមុទ្រកម្រលក្ខណៈអន្តរជាតិ ដែលមានសារៈសំខាន់ខ្លាំងណាស់៖
ជាសញ្ញាសម្គាល់ជាសកល៖ ប្រសិនបើអ្នកនេសាទទាំងក្នុងប្រទេស និងក្រៅប្រទេស នេសាទបានសត្វដែលមានជាប់កឹបសៀលនេះ ពួកគេនឹងដឹងភ្លាមថាជាសត្វអភិរក្ស។
ការការពារ៖ ជម្រុញឱ្យមានការព្រលែងពួកវាចូលក្នុងសមុទ្រវិញ ដោយមិនត្រូវសម្លាប់ ឬយកមកលក់ដូរធ្វើអាជីវកម្មនោះឡើយ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា
«ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិរក្សសត្វសមុទ្រកម្រជាសកល» ។ កន្លងមក បងប្អូនប្រជាពលរដ្ឋ និងអ្នកនេសាទជាច្រើន តែងតែនាំយកសត្វល្មិច ឬអណ្តើកសមុទ្រដែលនេសាទបាន មកប្រគល់ជូនអ្នកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់។
ឆ្លើយតបនឹងសកម្មភាពដ៏ប្រពៃនេះ អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសហការដ៏ល្អរបស់បងប្អូនអ្នកនេសាទទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយការពារ និងអភិរក្សសត្វសមុទ្រកម្រជាសកលឱ្យនៅគង់វង្ស៕
សម្រួលអត្ថបទ៖ ម៉ារ៉ាឌី







