មនី្ទរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខេត្តកំពង់ឆ្នាំង

ក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះមានបានរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក វះកាត់ និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការរៀបចំកម្មវិធីដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងគាំទ្រមូលនិធិដោយមូលនិធិហ្វ្រេដហូឡូ (The Fred Hollow Foundation) និង Bloomberg (ប៊្លូមប៊ឺក)។ កម្មវិធីនេះមានការចូលរួមបើកកម្មវិធីដោយលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង រួមដំណើរដោយ លោក នង ម៉ានិត នាយករង លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង និងវត្តមានចូលរួមពីលោក ម៉ឹង វុធី អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងលោក បាក់ តូក្យូ នាយកប្រចាំប្រទេសនៃមូនិធិហ្រេ្វដហូឡូកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង មានកិតិ្តយសយ៉ាងក្រៃលែង ដែលបានមកពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ។ កម្មវិធីនេះធ្វើឡើងដោយមានការឧបត្ថម្ភជាច្រើនពីមូលនិធិ Bloomberg (ប៊្លូមប៊ឺក) និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី ជាពិសេសគណៈអភិបាលខេត្ត បានជួយជ្រោមជ្រែង ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមនី្ទរពេទ្យខេត្តកំពង់ឆ្នាំង ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ។

ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង  ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋឧស្សាហ៍មកពិនិត្យសុខភាពភ្នែក នៅក្នុងមនី្ទរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ព្រោះថាការពិនិត្យសុខភាពភ្នែកជាប្រចាំ ជួយការពារ និងព្យាបាលជំងឺទូទៅដូចជា ភ្នែកឡើងបាយ ជំងឺបាតភ្នែក ឬបញ្ហាគំហើញ មុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ជាមួយគ្នានោះដែរ

ឯកឧត្តមសាស្រ្តាចារ្យ នាយកមនី្ទរពេទ្យព្រះអង្គឌួង និងថ្នាក់ដឹកនាំ មន្រី្តរាជការ បានឧបត្ថម្ភម៉ាស៊ីនអេកូសាស្រ្ត ចំនួន០១គ្រឿង ដល់មនី្ទរពេទ្យខេត្តកំពង់ឆ្នាំងផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំមនី្ទរសុខាភិបាលខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង  សូមសម្តែងការគោរពស្វាគមន៍ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង និងក្រុមការងារគ្រូពេទ្យទាំងអស់ ដែលបានលៈបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃមកជួយពិនិត្យ ព្យាបាលភ្នែក ជូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាពេលនេះ។ ហើយការរៀបចំកម្មវិធីពិនិត្យ ព្យាបាលភ្នែកនេះឡើង ក៏ដើម្បីនាំយកពន្លឺ និងស្នាមញញឹមជូនបងប្អូនប្រជាពលរដ្ឋឡើងវិញផងដែរ។

ទន្ទឹមគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងខេត្តកំពង់ឆ្នាំង អញ្ជើញមកទទួលសេវាថែទាំសុខភាពភ្នែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងមានជំនឿទុកចិត្តលើក្រុមគ្រូពេទ្យឯកទេសផ្នែកចក្ខុរោគ ព្រោះគុណភាពសេវាកម្រិតខ្ពស់ពីមន្ទីរពេទ្យព្រះអង្គឌួង បាននាំមកនូវពន្លឺសារជាថ្មី និងស្នាមញញឹមជូនដល់សហគមន៍ទាំងមូល។

លោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia ពិតជាមានកី្តរំភើបរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាថែទាំសុខភាពច្រើនសន្ធឹកសន្ធាប់នាព្រឹកនេះ។ ហើយកែវភ្នែកយើងពិតជាមានសារសំខាន់ខ្លាំងណាស់។ ដូច្នេះលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូន មេត្តាមកពិនិត្យភ្នែកជាមួយគ្នាគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។ ពិព្រោះការពិនិត្យភ្នែកឲ្យទៀងទាត់ ធ្វើឲ្យយើងកាត់បន្ថយនូវការពិការភ្នែកដែលអាចជៀសវាងបាន។ នៅក្នុងប្រទេសកម្ពុជា តាមការសិក្សានាពេលកន្លងមក ឃើញថាក្នុងចំណោមអ្នកពិការភ្នែក១០០នាក់ គឺបើសិនជាពួកគាត់បានមកជួបពិគ្រោះ ពិនិត្យ ព្យាបាលជាមួយគ្រូពេទ្យជំនាញ គឺជៀសវាងបានរហូតដល់៩២នាក់ទៅហើយ។ ដូច្នេះលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូន អញ្ជើញមកជួបគ្រូពេទ្យជំនាញឲ្យបានទៀងទាត់ ប្រាកដណាស់និងជៀសវាងភាពពិការភ្នែកបាន៕