លោក Trump បញ្ជាក់ថាសហរដ្ឋអាម៉េរិកមិនដែលចង់ប្រើប្រាស់អាវុនុយក្លែអ៊ែរដើម្បីប្រឆាំងនឹងរដ្ឋអ៊ីរ៉ង់នោះទេ ព្រោះពួកយើងជាអ្នកព្យាយាមលុបបំបាត់វា!
លោកប្រធានាធិបតី Trump ហាក់ដូចជាទទួលបានការរំខានពីសំណាក់អ្នកព័ត៌មាន នៅពេលដែលពួកគេសួរថាតើលោកនឹងពិចារណាដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមដែរឬទេ? លោក Trump បានឆ្លើយថា «ទេ! ខ្ញុំមិនត្រូវការវាទេ ហើយហេតុអ្វីបានជាខ្ញុំត្រូវការវានោះ? ហើយហេតុអ្វីបានជាសួរនូវសំណួរដ៏ឆោតល្ងង់បែបនេះទៅវិញ?” លោក Trump បង្ហាញការមិនពេញចិត្ត។ ប៉ុន្តែលោក Trump នៅតែបន្តថា «ហេតុអ្វីបានជាខ្ញុំត្រូវប្រើអាវុធនុយក្លេអ៊ែរ នៅពេលដែលយើងបានបំផ្លាញពួកគេទាំងស្រុង តាមរបៀបធម្មតាដោយគ្មានវាទៅហើយ។ ចំលើយគឺ ទេ ខ្ញុំនឹងមិនប្រើវានោះទេ។ អាវុធនុយក្លេអ៊ែរមិនគួរត្រូវអនុញ្ញាតឱ្យប្រើប្រាស់ដោយនរណាម្នាក់ឡើយ”។ ចំពោះសំណួរស្តីស្ថានភាពជម្លោះជាមួយអ៊ីរ៉ង់ លោក Trump បានឆ្លើយបន្ថែមពីការិយាល័យ Oval របស់លោកថា «យើងបាននិយាយជាមួយពួកគេ ប៉ុន្តែពួកគេនោះមិនដឹងថាអ្នកណាជាអ្នកដឹកនាំប្រទេសឲ្យពិតប្រាកដនោះទេ»។ ហើយចំពោះបញ្ហាច្រកសម្រុទ្រ Hormuz វិញ គឺ «យើងមានការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រនេះរួចដែរ»។ លោកបានពន្យល់បន្ថែមថា លោកបានបដិសេធមិនអនុញ្ញាតឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រឡើងវិញទេ ពីព្រោះ “ខ្ញុំមិនចង់ឱ្យពួកគេរកប្រាក់ចំណូលបាន ៥០០ លានដុល្លារក្នុងមួយថ្ងៃឡើយ រហូតដល់ពួកគេដោះស្រាយរឿងនេះឲ្យដាច់ស្រេចសិន។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Trump បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា លោកបានបញ្ជាឱ្យយោធាសហរដ្ឋអាមេរិក “បាញ់សម្លាប់” ទូកតូចៗរបស់អ៊ីរ៉ង់ដែលដាក់គ្រាប់មីនក្នុងទឹកដើម្បីសម្រួលការកកស្ទះចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការប្រកាសនេះបានចេញមកភ្លាមៗ បន្ទាប់ពីយោធាសហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេងមួយផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធប្រេងរបស់អ៊ីរ៉ង់ ដែលវាបានបង្កើនការប្រឈមមុខដាក់គ្នាជាមួយទីក្រុងតេអេរ៉ង់លើច្រកសមុទ្រដែលមានប្រេងឆៅ ២០% និងឧស្ម័នធម្មជាតិទាំងអស់ត្រូវបានជួញដូរនិងឆ្លងកាត់ទីនោះ។ ទន្ទឹមនឹងនេះដែរមន្ត្រីអ៊ីរ៉ង់បានចេញមកបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថាមានការបែកបាក់គ្នានៃអ្នកដឹកនាំនៅក្នុងប្រទេសរបស់ពួកគេ។ លោក Esmail Baqaei ជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ SNN ដោយបញ្ជាក់ថា អ្នកបានឮថា អ៊ីរ៉ង់បែកបាក់គ្នា? ឬអ៊ីរ៉ង់មិនអាចធ្វើការសម្រេចចិត្តបាន? នេះគឺជាការព្យាករណ៍តែឯកឯងប៉ុណ្ណោះ។ មន្ត្រីអ៊ីរ៉ង់ផ្សេងទៀតក៏បានអះអាងនៅលើបណ្តាញសង្គមថា ប្រទេសនេះមានសាមគ្គីភាពល្អណាស់។ បន្តមកប្រធានាធិបតីអ៊ីរ៉ង់ និងប្រធានសភាអ៊ីរ៉ង់ បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ស្ទើរតែដូចគ្នានៅលើបណ្តាញសង្គមរបស់ពួកគេថា “នៅក្នុងប្រទេសអ៊ីរ៉ង់ មិនមានក្រុមអ្នករឹងទទឹង ឬ ‘ក្រុមអ្នកអែបនោះឡើយ ពួកយើងទាំងអស់គ្នាជាជនជាតិអ៊ីរ៉ង់ និងជាអ្នកបដិវត្តន៍ពិតប្រាកដ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



