លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង
ខេត្តកោះកុង៖ នាថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាតំណាងរបស់ ឯកឧត្តម ម៉ង ស៊ិណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។
ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
និមិត្តរូបនៃសន្តិភាព និងការដឹងគុណ ការបង្កើតស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុងនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីការរំលឹកដឹងគុណចំពោះយុទ្ធជន យុទ្ធនារី និងបុព្វបុរស ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងជា មរតកសន្តិភាព ជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈ «នយោបាយឈ្នះ ឈ្នះ»។
ជាទីតាំងប្រវត្តិសាស្ត្រសម្រាប់សិក្សាស្វែងយល់ពីតម្លៃពិតប្រាកដនៃសន្តិភាព ដែលរកបានមកដោយលំបាក។
ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការអបអរសាទរយ៉ាងខ្លាំងក្លាចំពោះសមិទ្ធផលប្រវត្តិសាស្ត្រនៅលើទឹកដីខេត្តកោះកុងនេះ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ


