រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយផែនការ
ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ និងបទបញ្ជាស្តីពីការចល័តកម្លាំងទ័ពចូលហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២៦។ ចំពោះដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិ ការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយផងដែរ។



