ប៉ូលិសនិងក្រុមបាតុករជាកសិកររូម៉ានីបានប៉ះទង្គិចគ្នានៅទីក្រុង Bucharest ទាក់ទងនឹងភាពជាប់គាំងក្នុងវិស័យកសិកម្ម
ការប៉ះទង្គិចគ្នាបានកើតឡើងរវាងកសិកររូម៉ានីដែលកំពុងតវ៉ា និងកងកម្លាំងសន្តិសុខ នៅទីក្រុងប៊ូចារេសចាប់ពីថ្ងៃអង្គារនេះ។ អ្វីដែលបានកើតឡើងដំបូងឡើយ ត្រឹមតែជាការតវ៉ាដោយសន្តិវិធីនៅទីលាន Victoria ដល់យូរៗទៅវាក៏បានប្រែទៅជាភាពវឹកវរនៅពេលក្រោយ ដោយសារអ្នកតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ និងព្យាយាមបិទផ្លូវនានានៅជុំវិញនោះ។ ក្រុមអ្នករៀបចំបានអំពាវនាវឱ្យអ្នកតវ៉ានាំយកសត្វចៀម ត្រាក់ទ័រ និងស្មៅស្ងួត មកចូលរួមក្នុងសកម្មភាពតវ៉ា ប៉ុន្តែផែនការទាំងនោះមិនអាចដំណើរការទៅបានទេ ដោយសារតែមានការរឹតបន្តឹង។ កសិករចិញ្ចឹមចៀម និងអ្នកផលិតក្នុងវិស័យកសិកម្មផ្សេងទៀតរបស់ប្រទេសរូម៉ានី កំពុងធ្វើការតវ៉ាជុំវិញបញ្ហាដែលជះឥទ្ធិពលដល់វិស័យចិញ្ចឹមសត្វ និងវិស័យកសិកម្មរបស់ពួកគេ និង ទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាកំពុងជាប់គាំង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



