លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារជំនាញកងរាជអាវុធហត្ថ ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃទៅលើការងារបុគ្គលិក ការងារហ្វឹកហ្វឺន ដើម្បីត្រៀមហ្វឹកហ្វឺន យោធិនជ្រើសរើសថ្មី និងបន្តចូលរួមចុះត្រួតពិនិត្យវឌ្ឍនភាព ការងារកសាង អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី
កំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតនិងមានការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារជំនាញកងរាជអាវុធហត្ថ ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃទៅលើការងារបុគ្គលិក ការងារហ្វឹកហ្វឺន ដើម្បីត្រៀមហ្វឹកហ្វឺន យោធិនជ្រើសរើសថ្មី ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារ ដើម្បីត្រៀមរៀបចំទទួលសិក្ខាកាមកងរាជអាវុធហត្ថថ្មីនាពេលខាងមុខនេះ។
បន្ទាប់ពីបញ្ចប់ភារកិច្ចការងារជំនាញនៅបន្ទាយចាស់ ឆ្លៀតក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ជាមួយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តចុះទៅពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំអគារថ្មីផ្ទាល់។អគារថ្មីនេះមានទំហំធំទូលាយជាងមុនឆ្ងាយ ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និងត្រៀមបំពាក់ដោយបរិក្ខារទំនើបៗផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងភាពបត់បែនខ្ពស់សម្រាប់ការហ្វឹកហ្វឺន ក៏ដូចជាការអនុវត្តផ្ទាល់ផងដែរ។ទីតាំងថ្មីដ៏ធំទូលាយនេះ នឹងក្លាយជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សដ៏មានប្រសិទ្ធភាព និងជួយជម្រុញឱ្យការសិក្សាស្វែងយល់កាន់តែមានភាពរស់រវើក៕


